ម្ចាស់ផ្ទះមិនប្រយ័ត្នបណ្តាលឱ្យឆេះផ្ទះខ្ទេច ដោយសាររឿង អុជធូប និងទៀនទុកចោល


ខេត្តសៀមរាប៖ ករណីអគ្គិភ័យឆេះ​ផ្ទះ​ទាំងស្រុង ដោយសារម្ចាស់ផ្ទះ ​អុជ​ធូប និង​ទៀន សុំ​សេចក្តីសុខ​ចម្រើន អុជ​រួច​ទុក​ចោល​ចុះ​មក​ក្រោមផ្ទះ ហេតុការណ៍​នេះបាន​កើតឡើង​នៅចាប់ពី​ម៉ោង ១១និង៥០នាទីយប់ រលត់​ទៅ​វិញ​ម៉ោង​១​និង​០០​នាទីយប់ ឈានចូល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិតក្នុង​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀម​រាប។

ម្ចាស់ផ្ទះមានឈ្មោះ សាយ លី ភេទ​ស្រី អាយុ​ ៦៩​ឆ្នាំ រស់នៅភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀម​រាម។

បើ​តាម​សមត្ថកិច្ចបានឪ្យដឹងថា៖ ករណី​ឆេះ​ផ្ទះ​ខាងលើនេះ​ មិន​បណ្តាល​ឱ្យ​មានការ​រាលដាល ឆ្លង​ដល់​ផ្ទះ​អ្នក​ជិតខាងទេ ហើយ​មិន​បង្ក​ឱ្យ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ ហើយករណី​នេះ​ បង្ក​ឲ្យ​មានការ​ខូចខាត​ ផ្ទះ​១​ខ្នងអស់ទាំង​ស្រុង ទំហំ​៧​គុណ​៩​ម៉ែត្រ ប្រក់​ក្បឿងឈើលើ ថ្ម​ក្រោម កម្ពស់​៥​ម៉ែត្រ,​ ម៉ូតូ​ ១​គ្រឿង ម៉ាកសង់ឌ្រីម សេ​១២៥ សេរីឆ្នាំ​២០០៧ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​នៅ​ក្នុងផ្ទះ។

ក្នុង​ពេល​កំពុង​កើតហេតុ សមត្ថកិច្ចជំនាញ​ពន្លត់​អគ្គិភ័យ​ចុះមក​អន្តរាគមន៍​ចំនួន ​៤​គ្រឿង ​ប្រើប្រាស់​ទឹក​អស់​ចំនួន ​៤​ឡាន ក្នុងនោះមាន​រថយន្ដ​ស្នងការ​នគរបាល​ខេត្ត​ចំនួន ៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់ ​៣​ឡាន និងរថយន្ដ​ទឹកខាងអាជ្ញាធរអប្សរា ១​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​ឡាន ។

ចំពោះ​មូលហេតុការឆេះនេះ ដោយសារម្ចាស់ផ្ទះ​គាត់​ ដុត​ធូប និង​ដុត​ទៀន ​មិន​បាន​ប្រយ័ត្ន បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​តែ​ម្ដង ។

រាយការណ៍ដោយ៖ សាំង សំណាង

អត្ថបទពាក់ព័ន្ធ