គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនៅខេត្តបន្ទាយមានជ័យ នឹងផ្តល់ផលដល់ពលរដ្ឋប្រមាណ ៤២ ២១៣ គ្រួសារ នៅថ្ងៃអនាគត
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៤នេះ បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹងជួយកាត់បន្ថយពីគ្រោះមហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗនៅក្នុងតំបន់ និងជំនន់ឆ្លងដែនប្រទេសថៃ និងគ្រោះរាំងស្ងួត ហើយអាចផ្តល់ផលដល់ ប្រជាពលរដ្ឋ និងប្រជាកសិករប្រមាណ ៤២ ២១៣ គ្រួសារ។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹង នៅតាមបណ្តោយព្រំដែនកម្ពុជា- ថៃ ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៦ខ្សែ មានប្រវែងសរុប ៩២,៦៥គីឡូម៉ែត្រ សំណង់ សិល្បការសរុបចំនួន ២០៨កន្លែង និងស្តារអាងទឹកចំនួន ៣ កន្លែង ( អាងពង្រ អាងវាំងហែង និង អាងកន្សែង) ព្រមទាំងជួសជុលទំនប់តភ្ជាប់អាងទឹកអូរខៃដន ។
គម្រោងនេះ មានលទ្ធភាពស្រោចស្រព ផ្ទៃដីបង្កបង្កើនផលវស្សាសរុបប្រមាណជិត ២០ ០០០ហិកតា និងរដូវប្រាំង ៣៥០០ ហិកតាហើយប្រជាកសិករ ដែលអាចទទួលផលមានចំនួន ៤២ ២១៣ គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និង ក្រុងសិរីសោភ័ណ។
គោលបំណងនៃគម្រោងនេះ គឺដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងកាត់បន្ថយបាននូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលនឹងក្លាយជាផ្នែកមួយដ៏សំខាន់ជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕