រថយន្ត Mazda បុកម៉ូតូ បណ្ដាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ នៅស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ រថយន្ត Mazda បុកម៉ូតូ Wave ចំពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៨និង៣០នាទីល្ងាច ត្រូវថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ចាន់ ថន ភេទស្រីអាយុ ៣៧ឆ្នាំ រស់នៅភូមិអង្រ្គង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប រងរបួសធ្ងន់ ត្រូវបានរថយន្តពេទ្យមន្ទីរពេទ្យឯកជនឈ្មោះសឹង្ហរឹទ្ធិរ៉េត ដឹកយកទៅសង្រ្គោះភ្លាមៗ។

ចំណែកជនបង្កមានឈ្មោះ កៅ តេងគៀង ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកបើកបររថយន្តបង្កខាងលើ។

តាមសមត្ថកិច្ចបានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្តម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-6506 បើកបរមានទិសដៅពីកើតទៅលិច ចំណែកម៉ូតូមួយគ្រឿង ម៉ាក Wave អាល់ហ្វា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1A-2063 បើកបរមានទិសដៅពីកើតទៅលិច ក្នុងទិសដៅស្របគ្នាជាមួយនឹងរថយន្ត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើត្រូវបានរថយន្តបុកម៉ូតូ ចំពេញទំហឹង បណ្ដាលឲ្យដួលអ្នកបើកបរម៉ូតូ រងរបួសធ្ងន់។

ចំពោះមូលហេតុ អ្នកបើកបររថយន្តមានស្ថានភាពស្រវឹងស្រា បើកបរខ្វះការប្រុងប្រយ័ត្ន៕

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងកត់កំណត់ហេតុ និងនាំយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង រងចាំការដោះស្រាយតាមនិតិវិធីច្បាប់។

អត្ថបទ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ