មន្ត្រីក្រុមប្រឹក្សា និងនគរបាលក្នុងខេត្តសៀមរាប ឃុបឃិតគ្នាធ្វើអត្តសញ្ញាណប័ណ្ណ ក្លែងក្លាយឱ្យជនជាតិវៀតណាម


ខេត្តសៀមរាប៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបានសម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ មន្ត្រីនគរបាលចំនួន ០២នាក់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់ និងអ្នកសមគំនិតម្នាក់។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តបានបង្ហាញថា ការសម្រេចឃុំខ្លួនមន្ត្រីនគរបាលចំនួន ០២នាក់ មន្ត្រីក្រុមប្រឹក្សាសង្កាត់សំបួរម្នាក់ និងបក្ខពួកម្នាក់ គឺពីបទសមគំនិតគ្នាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់ឱ្យជនជាតិវៀតណាមម្នាក់ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងក្លែងបន្លំឯកសារសាធារណៈ ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តសៀមរាបឱ្យដឹងថា៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្ត បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៨៨០ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ទាក់ទងនឹងជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ ៥នាក់ សរុបចំនួន ៦នាក់ តែឃាត់ខ្លួនចំនួន ៤នាក់ ឯបក្ខពួក ២នាក់បានគេចខ្លួន ។

ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភ័ស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់។ ទោះបីជាបែបណា អត្តសញ្ញាណមន្ត្រីនគរបាល និងមន្ត្រីក្រុម ប្រឹក្សាសង្កាត់ដែលជាប់ចោទឃុបឃិតគ្នាធ្វើអត្តសញ្ញាណប័ណ្ណឱ្យជនជាតិវៀតណាមនេះ មិនត្រូវបានទម្លាយឱ្យដឹងនោះទេ ៕

 

អត្ថបទពាក់ព័ន្ធ