សិស្សសាលាវិទ្យាល័យអង្គរជុំ បើកឆាកប្រយុទ្ធគ្នា ត្រូវកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន នាំខ្លួនធ្វើការអប់រំ


ខេត្តសៀមរាប៖ សិស្សវិទ្យាល័យអង្គរជុំ ចំនួនពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាបណ្តាលឱ្យរបួសស្រាល ៦នាក់ ហេតុការណ៍នេះនៅវេលាម៉ោង ០៨និង៤០នាទី ត្រូវថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ ត្រង់ចំណុច ក្នុងវិទ្យាល័យអង្គរជុំ ស្ថិតនៅក្នុងភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា៖ ករណីអំពើហិង្សានេះ បង្កដោយសិស្សសាលាវិទ្យាល័យអង្គរជុំ ចំនួនពីរក្រុម ដែល ១ក្រុម មានគ្នាចំនួន ១០នាក់ បានធ្វើសកម្មភាពប្រើប្រាស់ដំបងវាយទៅសិស្សដូចគ្នា និង ១ក្រុម ទៀតមានគ្នា ៦នាក់បណ្ដាលឱ្យរបួសស្រាល។

សមត្ថកិច្ចបានបន្តថា៖ ក្រោយមានអំពើបែបនេះ សមត្ថកិច្ច បានទទួលបណ្ដឹងពីលោកគ្រូ ហើយសមត្ថកិច្ច បាននាំខ្លួនជនបង្កទាំង១០នាក់ មកកាន់បញ្ជាការរាជអាវុធហត្ថស្រុក​អង្គរជុំ ដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា៖ ដោយជនសង្ស័យទាំង ១០នាក់ ជាសិស្ស ដែលកំពុងសិក្សា ហើយបទល្មើស ដែលប្រព្រឹត្ត មានលក្ខណ:ស្រាលហេតុដូច្នេះ សុំគោលការណ៍ ពីឯកឧត្តមព្រះរាជ្ញាអមសាលាដំបូងខេត្តខេត្តសៀមរាប ដើម្បីអប់រំនៅមូលដ្ឋានស្រុក​។

ក្នុងនោះសមត្ថកិច្ចបានធ្វើការអប់រំ ដោយមានការចូលរួមពីអាណាព្យាបាល សិស្ស និងនាយករងសាលាវិទ្យាល័យអង្គរជុំ ក៏បានអនុញ្ញាត អោយវិលត្រលប់ ទៅលំនៅដ្ឋានវិញ និងសមត្ថកិច្ចក៏បានចែកខិតប័ណ្ណអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រឿងញៀន ទាំង១៦នាក់ផងដែរ។

អត្ថបទពាក់ព័ន្ធ