ឃាតករដែលស.ម្លា.ប់.នារីជាសង្សារ ដែលធ្វើការជាមួយគ្នា ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបាន នៅខេត្តសៀមរាប


រាជធានីភ្នំពេញ៖ ឃាតករដែលច្របាច់កសម្លាប់នារីជាសង្សារ ដែលធ្វើការជាមួយគ្នា ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំណត់បានទីតាំងលាក់ខ្លួន និងឈានដល់ការចាប់ខ្លួន នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខវិទ្យាល័យអង្គរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ជនល្មើសរូបនេះមានឈ្មោះ ចាន់ ដាលីន ភេទប្រុស អាយុ ២៤ឆ្នាំ ជាបុគ្គលិក ហាង ស៊ិក នេឈ័រ ជាមួយជនរងគ្រោះ មានទីលំនៅផ្ទះលេខ២៨៦ហ្ស៊ី ផ្លូវបេតុង ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នារីជាអ្នករត់តុម្នាក់ ត្រូវបានប្រុសស្នេហ៍ ដែលជាអ្នក ធ្វើការជាមួយគ្នា ច្របាច់ក សម្លាប់នៅក្នុងបន្ទប់ជួល រហូតដល់ហើមស្អុយ ទើប ដឹងនៅពេលដែលម្តាយ ទូរស័ព្ទមិនចូលហើយធ្វើដំណើរមករកដល់បន្ទប់ ហើយបង្កអោយមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្ទះលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ សួន មករា អាយុ ២២ឆ្នាំ មុខរបរជាបុគ្គលិក ហាង ស៊ិក នេឈ័រ មានទីលំនៅភូមិតាមូវ ឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមស្រ្តីជាម្តាយបានអោយដឹងថា កូនស្រីបានមកធ្វើការនៅហាងតាំងពីកំឡុងឆ្នាំ២០១៩ ហើយក៍បានធ្លាប់បាននាំមិត្តប្រុសទៅលេងស្រុកកំណើត។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ គាត់ក៍បានទូរស័ព្ទមកកូន មិនចូលក៍បានធ្វើដំណើរមកបន្ទប់ជួលឃើញចាក់សោរពីក្រៅ ហៅមិនឮ ក៍បានមើលតាមប្រឡោះទ្វារឃើញកូនដេកគ្រប់ភួយក៍បានប្រាប់អ្នកជិតខាងយកដែកចងភ្ជាប់ដែកព្យួរខោអាវ ទាក់ទាញភួយចេញឃើញ សពកូនស្រីហើយស្អុយទៅហើយ។

តាមអ្នកធ្វើការជាមួយគ្នា និងស្នាក់នៅបន្ទប់ជួលក្បែរគ្នា បានអោយដឹងថា ឃាតករ និងជន​រងគ្រោះជាសង្សារនឹងគ្នាហើយស្នាក់នៅធ្វើការជាមួយគ្នា។ កន្លងគេតែងតែ ឮស្នូរសម្លេង ២នាក់សង្សាឈ្លោះគ្នា មិននឹកស្មានថា ត្រូវបុរសជាសង្សាសម្លាប់បែបនេះ។ បន្ទាប់គេចខ្លួនបានប្រមាណជិត ១សប្តាហ៍ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃក្រសួងមហាផ្ទៃស្រាវជ្រាវឃាត់បាននៅខេត្តសៀមរាប។ ទាក់ទិនឃាតកម្មនេះសមត្ថកិច្ចអោយដឹងថាផ្តើមចេញពីភ្លើងប្រចណ្ឌ៕​

 

 

អត្ថបទពាក់ព័ន្ធ