ប្រទេសអ៊ីរ៉ង់បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ជំនួសលោករ៉ៃស៊ី ដែលបានស្លាប់
ទីក្រុងតេអេរ៉ង់៖ ថ្ងៃនេះ ប្រជាជនអ៊ីរ៉ង់ចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីជំនួសលោកអេប្រាហ៊ីម រ៉ៃស៊ី ដែលទទួលអនិច្ចកម្មនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែឧសភា។ ពីដំបូងដៃមានបេក្ខជនប្រធានាធិបតីចំនួន៦រូប ប៉ុន្តែក្រោយមក បេក្ខជន២រូបសម្រេចចិត្តដកខ្លួនថយនៅក្នុងដំណាក់កាលចុងក្រោយ។ ដូច្នេះ នៅសល់បេក្ខជន៤រូប។ នៅក្នុងចំណោមនោះសុទ្ធតែជាអ្នកដែលមាននិន្នាការដាច់ខាតនិយម ហើយមានស្វាមីភក្ដិយ៉ាងប្ដូរផ្ដាច់ចំពោះអគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់។
នៅលើកញ្ចក់ទូរទស្សន៍អ៊ីរ៉ង់ គេឃើញអ្នកបោះឆ្នោតឈរតម្រង់ជួរគ្នានៅខាងក្រៅស្ថានីយនីមួយៗដើម្បីរង់ចាំទម្លាក់សន្លឹកឆ្នោត។ មនុស្សជាង៦១លាននាក់បានចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែលទ្ធផលស្ទង់មតិបង្ហាញថាមានតែជាង៤៨%ប៉ុណ្ណោះដែលទៅបោះឆ្នោត។ ត្រឹមម៉ោង៦ល្ងាចថ្ងៃសុក្រ គ្រប់ស្ថានីយទាំងអស់ត្រូវបិទទ្វារដើម្បីរាប់សន្លឹកឆ្នោត។ ប៉ុន្តែជាក់ស្ដែងនៅមណ្ឌលខ្លះអាចពន្យារពេលរហូតដល់កណ្ដាលអធ្រាត្រក៏មាន។
ការបោះឆ្នោតលើកនេះចំពេលមានភាពតានតឹងនៅក្នុងតំបន់ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា និងរវាងអ៊ីស្រាអែល និងក្រុមហេស្បូឡានៅប្រទេសលីបង់។ ម៉្យាងទៀត ក្រុមបស្ចិមប្រទេសក៏បន្តដាក់សម្ពាធទៅលើអ៊ីរ៉ង់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។ ដោយសារដំណើរការរាប់សន្លឹកឆ្នោតរាប់ដោយដៃសុទ្ធសាធតែម្ដង ដូចនេះត្រូវការពេលប្រហែល២ថ្ងៃទើបរាប់ចប់សព្វគ្រប់ ហើយឈានដល់ការប្រកាសលទ្ធផលសរុប។ ប៉ុន្តែលទ្ធផលបឋមក្រៅផ្លូវការអាចនឹងដឹងជាបណ្ដើរៗត្រឹមថ្ងៃត្រង់ថ្ងៃសៅរ៍។
បើគ្មានបេក្ខជនរូបណាទទួលបានសំឡេងគាំទ្រយ៉ាងហោចណាស់៥០%ទេ អ៊ីរ៉ង់នឹងរៀបចំការប្រកួតជម្រុះវគ្គទី២នៅថ្ងៃទី៥ ខែកក្កដាដោយជ្រើសរើសបេក្ខជន២នាក់ដែលទទួលបានសន្លឹកឆ្នោតច្រើនជាងគេនៅវគ្គទី១។ បើទុកជាបេក្ខជនរូបណាជាប់ឆ្នោតជាប្រធានាធិបតីក៏ដោយ ក៏គ្មានអ្វីផ្លាស់ប្ដូរនៅក្នុងកម្មវិធីនយោបាយធំៗរបស់អ៊ីរ៉ង់នោះទេ។
ជាពិសេសកម្មវិធីនុយក្លេអ៊ែរ និងការបន្តគាំទ្រចលនាប្រដាប់អាវុធនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ មូលហេតុដោយសារប្រធានាធិបតីអ៊ីរ៉ង់គ្មានអំណាចសម្រេចអ្វីទេ។ អំណាចទាំងអស់ស្ថិតនៅក្នុងដៃរបស់អគ្គមគ្គុទ្ទេសក៍។ ប៉ុន្តែហោចណាស់ប្រធានាធិបតីក៏មានតួនាទីធំគួរសមដែរនៅក្នុងការចាត់ចែងកិច្ចការរដ្ឋ និងនយោបាយការបរទេស៕