BYD មើលឃើញកំណើនលក់ឡានអគ្គិសនី២១ភាគរយក្នុងត្រីមាសទី២ប្រហាក់ប្រហែល Tesla

គិតត្រឹមខែមិថុនាកន្លងមកនេះក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនីដ៏ធំរបស់ប្រទេសចិន BYD បានបង្ហាញតួលេខនៃកំណើនការលក់រថយន្តអគ្គិសនីដែលធ្វើបាននៅក្នុងត្រីមាសទី២ឆ្នាំ២០២៤របស់ខ្លួន។

អត្រាកំណើនបានហក់ឡើងទៅដល់២១ភាគរយនៅក្នុងត្រីមាសទី២នេះគឺមានទំហំប្រហាក់ប្រហែលទៅនឹងអ្វីដែលក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនីអាមេរិក Tesla ធ្វើបានក្នុងអំឡុងពេលដូចគ្នានេះ។

គិតពីខែមេសាដល់ខែមិថុនាកន្លងមកនេះក្រុមហ៊ុន BYD ធ្វើប្រតិបត្តិការលក់ឡានអគ្គិសនីសរុបនៅក្នុងទីផ្សារសកលលោកប្រមាណជា៤២៦០៣៩គ្រឿងដែលធៀបទៅនឹងទំហំលក់របស់ Tesla ខុសគ្នាតែប្រមាណជា១២០០០គ្រឿងប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តីសម្រាប់ Tesla ប្រតិបត្តិការលក់អំឡុងត្រីមាសទី២នេះគឺមានអត្រាធ្លាក់ចុះប្រមាណជា៦ភាគរយធៀបទៅនឹងត្រីមាសដំបូងហើយក៏ជាពេលវេលាដំបូងដែលក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនដែលតួលេខនៃការលក់រថយន្តបានបន្តធ្លាក់ចុះក្នុងរយៈពេល២ត្រីមាសជាប់គ្នាដែលគេមើលឃើញក៏ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងទីផ្សារដ៏តានតឹងជាមួយនឹងរថយន្តអគ្គិសនីជាច្រើនផ្សងទៀតបូករួមទាំងនៅអឺរ៉ុបនិងនៅចិនផង។

គេរំពឹងទុកថា Tesla នឹងអាចមើលឃើញតួលេខធ្លាក់ចុះគួរឲ្យកត់សំគាល់បំផុតនៅក្នុងឆ្នាំ២០២៤នេះជាពិសេសក្រោយការសម្រេចចិត្តដ៏លំបាកមួយរបស់ក្រុមហ៊ុនក្នុងការកាត់បន្ថយការផលិតកាត់បន្ថយតម្លៃនិងក៏ដូចជាការរៀបចំប្រមូសិនពិសេសនៅតាមគោលដៅមួយចំនួនផងដើម្បីអាចប្រកួតប្រជែងទីផ្សាររថយន្តអគ្គិសនីតម្លៃធូរថ្លៃរបស់ចិនមកវិញ។

គួរឲ្យដឹងដែរថាសមាគមអ្នកផលិតរថយន្តដឹកអ្នកដំណើររបស់ចិន CPCA បានបង្ហាញថាសម្រាប់ទីផ្សារចិនកាលពីខែមិថុនានេះរថយន្តអគ្គិសនីរបស់ Tesla ដែលផលិតក្នុងប្រទេសចិនបានបន្តធ្លាក់ចុះប្រតិបត្តិការលក់ដល់ទៅ២៤,២ភាគរយឬប្រមាណត្រឹមតែ៧១០០៧គ្រឿងប៉ុណ្ណោះដែលក្រុមហ៊ុនធ្វើបានសរុប៕

អត្ថបទពាក់ព័ន្ធ