សត្វក្រពើចំនួន ២២ក្បាល រួចចេញពីទ្រុង ពេលនេះ ត្រូវម្ចាស់ចាប់ដាក់ចូលទ្រុងវិញ អស់ហើយ
ខេត្តសៀមរាប៖ ក្រពើ ចំនួន ២២ក្បាល បានរួចចេញពីទ្រុង ត្រូវបានម្ចាស់ចាប់ចូលទ្រុងវិញអស់ហើយ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១២ និង ២៥ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែកក្កដាឆ្នាំ ២០២៤ ស្ថិតនៅកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប ។
ប្រភពពីម្ចាស់កសិដ្ឋានបានឲ្យដឹងថា៖ នៅវេលាម៉ោង ១២ និង ២៥ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកក្កដានេះ ក្រពើរបស់គាត់បានរួចចេញពីទ្រង់ ចំនួន ២២ក្បាល ដែលមានអាយុ ១០ឆ្នាំ និងប្រវែង ១.៥ម៉េត្រ។
ចំពោះមូលហេតុដោយសារតែពេលបើកទ្វារចូលទៅយកក្រពើដែលងាប់ ពេលចេញមកវិញភ្លេចបិទទ្វារអាង ក្រោយពីរួច អ្នកមើលថែក្រពើ និងអ្នកជិតខាងបានចាប់ប្រមូលក្រពើដែលរួចទាំងនោះ រហូតដល់ម៉ោង០៤និង៤៥ នាទីទាបភ្លឺ ទើបចាប់ប្រមូលក្រពើបានទាំងអស់។
ក្រោយពីទទួលបានដំណឹងនេះ លោក មាឃ ច័ន្ទវិរិទ្ធ នាយសង្កាត់រដ្ឋបាលជលផលផ្សារលើ បានចុះដល់កសិដ្ឋានចិញ្ចឹមក្រពើនេះ ហើយមន្រ្តីជំនាញក៏បានណែនាំឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើឲមានការប្រុប្រយ័ត្នឱ្យបានខ្ពស់ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់៕