មន្ទីរប្រឆាំងគ្រឿងញៀន បដិសេធការផ្សាយថា សមត្ថកិច្ចយកលុយជនជាតិចិនជាថ្នូរនឹងការដោះលែងពាក់ព័ន្ធករណីគ្រឿងញៀន


មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៦ កក្តដា បានចេញមកបដិសេធចំពោះការផ្សាយរបស់គណនីហ្វេសប៊ុក និង TikTok ឬក៏បណ្តាញទំនាក់ទំនងសង្គមផ្សេងទៀតរបស់ឈ្មោះ Chean Dron។ ការដែលចេញមកបដិសេធយ៉ាងដូច្នេះ បន្ទាប់ពីគណនីTikTok Chean Dron បានផ្សាយថា «អយុត្តិធម៌ណាស់ ពលរដ្ឋខ្មែរដែលប្រើប្រាស់គ្រឿងញៀន ត្រូវគេចាប់ចងអនុវត្តទោសគ្មានលើកលែងតែដូចករណីជនបរទេស (ចិន) ក្រុមនេះវិញបែរជាចាប់ហើយលែង និងថ្ងូរលុយ 330,000$ ចាប់ ថ្ងៃទី២៣ ម៉ោង 4:00ព្រឹក ហើយបានដោះលែងវិញម៉ោង 9:00យប់ សូមសម្តេចបវរនាយករដ្ឋមន្ត្រីជួយរាស្ត្រខ្មែរផង និងសូមមន្ត្រីពាក់ព័ន្ធជួយពិនិត្យមើល លោកប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក យឹង សារ៉ាត់ បើចាប់ហើយលែងយកលុយចឹងងាប់អស់ហើយខ្មែរ»។

បើតតាមសេចក្តីបំភ្លឺរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា គណនីដែលមានឈ្មោះ Chean Dron បានបង្កើតព័ត៌មានក្លែងក្លាយវាយប្រហារមកលើថ្នាក់ដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀនជាបន្តបន្ទាប់ ហើយមនី្ទរក៏ធ្លាប់បានបំភ្លឺជូនសាធារណជនផងដែរ ប៉ុន្តែម្ចាស់គណនីរូបនេះ នៅតែបន្តទៅបង្កើតគណនី TikTok ឈ្មោះ Chean Dron ដដែលបង្កើតព័ត៌មានក្លែងក្លាយបន្ថែមទៀត ដោយវាយប្រហារថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនថែមទៀតផង។

ទន្ទឹមគ្នានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បញ្ជាក់បន្ថែមថា ពួកគេបង្កើតព័ត៌មានក្លែងក្លាយនេះឡើង ក្នុងបំណងវាយប្រហារ លាបពណ៌ ធ្វើឱ្យខូចកិត្តិយស ដល់ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ដែលកំពុងបំពេញការងារតស៊ូបង្ក្រាប បទល្មើសគ្រឿងញៀន ដើម្បីចូលរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាលភាពសាធារណៈ ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

 

អត្ថបទពាក់ព័ន្ធ