គ្រោះរអិលបាក់ដី នៅប្រទេសឥណ្ឌូណេស៊ី សម្លាប់មនុស្ស១២នាក់ និង១៨នាក់បាត់ខ្លួន

ហ្សាការតា៖ អាជ្ញាធរឥណ្ឌូណេស៊ីបានប្រាប់ឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោច១២នាក់បានបាត់បង់ជីវិត និង១៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយការធ្លាក់ភ្លៀងខ្លាំងជោកជាំ បានបង្កជាគ្រោះរអិលបាក់ដី នៅក្បែរអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែង ស្ថិតលើកោះ Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូណេស៉ី។

មន្រ្តីទីភ្នាក់ងាររុករកនិងជួយសង្រ្គោះប្រចាំតំបន់ បាននិយាយថា សាកសពមនុស្ស៩នាក់ ត្រូវទាញចេញមកបានពីក្រោមគំនរដីហើយ ខណៈ​សព៣នាក់ទៀត នៅពុំទាន់ជម្លៀសបាននៅឡើយទេ។ ទន្ទឹមគ្នា មនុស្ស៥នាក់ បានរួចរស់ជីវិតពីការវាយប្រហារគ្រោះរអិលបាក់ដី ប៉ុន្តែរងរបួសកម្រិតចាប់ពីស្រាលដល់ធ្ងន់។ ចំណែក មនុស្ស១៨នាក់ផ្សេងទៀត កំពុងបន្តបាត់ខ្លួន។

គ្រោះរអិលបាក់ដីខាងលើ បានវាយប្រហារចំលើភូមិដាច់ស្រយាលមួយកន្លែង ក្នុងស្រុក Bone Bolango នៃខេត្ត Gorontalo តាំងតែពី​យប់រំលងអធ្រាត្រថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ក្រោយភ្លៀងបានធ្លាក់ខ្លាំងឥតឈប់ឈរ ហើយជាលទ្ធផលមនុស្សយ៉ាងហោច១២នាក់ បានស្លាប់ និង​ជិត២០នាក់ផ្សេងទៀត បាត់ខ្លួនមកទល់នឹងពេលនេះ៕

ប្រភព៖ Reuters 

អត្ថបទពាក់ព័ន្ធ