ជិះម៉ូតូឌុបគ្នាដួលចូលក្រោមកង់រថយន្តកុងតឺន័រ ១គ្រឿង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងម្នាក់ទៀត​របួសស្រាល

រាជធានី​ភ្នំពេញ៖ ស្រ្តីម្នាក់បានបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈអ្នកទាំង២ ជិះម៉ូតូ១គ្រឿង ឌុបគ្នាត្រលប់មកពីធ្វើប័ណ្ណ ប ស ស វិញ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ត្រូវថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ ម៉ា រ៉ាឌី អាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់ ហើយនាងគឺជាស្រីមេម៉ាយ ដែលមានកូនស្រីម្នាក់អាយុទើបតែ ១ខួបប៉ុណ្ណោះ និងមានស្រុកកំណើតនៅខេត្តកំពត ចំណែកស្រ្តីដែលជាអ្នកជិះរួមដំណើរពីក្រោយរងរបួសស្រាល មិនបានប្រាប់ពីអត្តសញ្ញារបស់ខ្លួននោះឡើយ។

តាមប្រភពបានឲ្យដឹងថា៖ គេបានឃើញស្រ្តី ២នាក់ខាងលើជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឃ្លីកពណ៌ស លាយក្រហម ពាក់ស្លាក​លេខ តាកែវ 1N-6431 ជិះឌុបគ្នា បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគ្រាន់បើដែរ ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ គាត់ក៏មិនបានចាប់អារម្មណ៍ថាមានឧបស័គ្គអ្វីឡើយ បានចាប់ហ្រ្វាំងមុខប្រថុចញ៉ុចបណ្ដាលឲ្យដួល ហើយស្រ្តីអ្នកបើកម៉ូតូបានដួសខ្ទាតចូលក្រោមកង់ រថយន្តកុងតឺន័រសណ្ដោយកន្ទុយរ៉ឺកម៉ក ១គ្រឿង ក៏ត្រូវរថយន្តនោះកិន បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែង ចំណែកម្នាក់ទៀតដែលជាអ្នកជិះពីក្រោយរងរបួសស្រាល បន្ទាប់មករថយន្តនោះបានបើករត់គេចសំដៅទៅទិសខាងជើងបាត់ស្រមោល។

ចំពោះមូលហេតុមកពីភាគីម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ បានចុះ​ទៅកាន់កន្លែងកើតហេតុ សម្រួលមិនឲ្យមានការកកស្ទះ ព្រមទាំងស្រាវជ្រាវរករថយន្តដែល​កិន​ស្រ្តី​រូបនេះ ប៉ុន្តែពុំដឹងថាអាចរកឃើញ ឬមិនឃើញនោះឡើយ៕

អត្ថបទពាក់ព័ន្ធ