៥ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិកើនឡើងជាង២២ភាគរយ
រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ២ ៦៤០ ៩៩៩នាក់ កើនឡើង២២,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣…។
ក្រសួងបន្ថែមថា ភ្ញៀវទេសចរអន្តរជាតិទាំងនោះចូលមកកម្ពុជា តាមផ្លូវអាកាសប្រមាណ៩៨៦ ៤៣៥នាក់ ផ្លូវគោកប្រមាណ១ ៦១២ ៥៤៧នាក់ និងផ្លូវទឹកប្រមាណ ៤២០១៧នាក់។ ក្រសួងក៏បានបង្ហាញទៀតថា ភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជា ថៃស្ថិតនៅលំដាប់ទី១ វៀតណាមលំដាប់ទី២ ប្រទេសចិនលំដាប់ទី៣ ប្រទេសឡាវលំដាប់ទី៤ សហរដ្ឋអាម៉េរិកលំដាប់ទី៥ កូរ៉េខាងត្បូងលំដាប់ទី៦ ឥណ្ឌូណេស៊ីលំដាប់ទី៧ ប្រទេសបារាំងលំដាប់ទី៨ ចក្រភពអង់គ្លេសលំដាប់ទី៩ និង ប្រទេសជប៉ុនស្ថិតនៅលំដាប់ថ្នាក់ទី១០។
ក្រសួងជំនាញមួយនេះអះអាងបន្ថែមថា ក្រៅតែពីភ្ញៀវអន្តរជាតិក្នុងរយៈពេលដូចគ្នាកម្ពុជាក៏មានភ្ញៀវទេសចរផ្ទៃក្នុងសរុប១០ ៦៨៨ ០៧៣នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេសមានចំនួនប្រមាណ១ ៩០៦ ៨០០នាក់ កើនឡើង៦៩,១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ដែលមានការបែងចែកទៅតាមគោលដៅទេសចរណ៍ធំៗដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប តំបន់ឆ្នេរ តំបន់អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀត៕