កំពុងដងដង្កូវទឹក យកឲ្យត្រីស៊ីនៅផ្ទះ ស្រាប់តែឆេះរថយន្តខ្លួនឯងកំពុងចត ផ្អើលទាំងព្រឹក
ភ្នំពេញ៖ ចតរថយន្ត រវល់ដង ដង្កូវទឹកយកឲ្យត្រីស៊ី ឆ្លងចរន្តឆេះរថយន្តបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅតាមប្រឡាយអមផ្លូវរថភ្លើង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសម្តីម្ចាស់រថយន្តបានឱ្យដឹងថា រថយន្តរបស់គាត់ម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2N-1708 រងការខូចខាត១កំណាត់មុខទាំងស្រុង ហើយការឆាបឆេះនេះសង្ស័យបណ្ដាលមកពីឆ្លងចរន្តភ្លើងប្លុកម៉ាសុីនរថយន្ត។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុបុរសខាងលើបានបើករថយន្តឈប់ចតនៅមាត់ប្រឡាយ។ បន្ទាប់មកគាត់បានចុះពីរថយន្តហើយដើរដួសដង្កូវទឹកដើម្បីយកទៅឱ្យត្រីសុីនៅឯផ្ទះ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែរថយន្តមានអណ្តាតភ្លើងឆេះនៅផ្នែកខាងមុខសន្ធោសន្ធៅ ទើបម្ចាស់រថយន្តស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ នឹងដងទឹកជះពន្លត់ទើបភ្លើងរលត់ទៅវិញ ។
ចំពោះមូលហេតុមកពីឆ្លងចរន្តភ្លើងបណ្តាលឲ្យឆេះរថយន្តតែម្តង។
ក្រោយពេលកើតហេតុគាត់បានហៅរថយន្តផ្សេងទៀត ទៅអូសយករថយន្តនេះទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕