កម្ពុជា ដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ សំដៅជួយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គីសនី ក៏ដូចជាទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។ តាមរយៈគោលនយោបាយនេះ កម្ពុជាដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០។

រាជរដ្ឋាភិបាលរំពឹងយ៉ាងមុតមាំថា «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០» ដែលបានដាក់ចេញនេះ នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗ ផ្អែកលើយន្តការទីផ្សារ និងទៅតាមលទ្ធភាព និងធនធានរបស់រាជរដ្ឋាភិបាល សម្រាប់ចាប់យកកាលានុវត្តភាពថ្មីដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្ម ដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ចកម្ពុជា។

ចក្ខុវិស័យនៃគោលនយោបាយជាតិនេះ គឺប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានការប្រើប្រាស់យានយន្តអគ្គិសនីក្នុងកម្រិតសមរម្យ ដើម្បីគាំទ្រ និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងធានានូវសុខុមាលភាពប្រជាជន។ យ៉ាងណាមិញតាមរយៈគោលនយោយបាននេះកម្ពុជា ដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០ ក្នុងនោះរថយន្តអគ្គិសនីចំនួន៣ម៉ឺនគ្រឿង ទោចក្រយានយន្តអគ្គិសនី៧២ម៉ឺនគ្រឿង និងត្រីចក្រយានយន្តអគ្គិសនី ចំនួន២ម៉ឺនគ្រឿង។

គោលនយោបាយជាតិនេះ បានគូសបញ្ជាក់ថា ការប្រើប្រាស់យានយន្តអគ្គិសនី បានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់ និងសកលលោក។ ជាក់ស្តែងនៅក្នុងចម្ងាយផ្លូវ១០០គីឡូម៉ែត្រ ការប្រើប្រាស់រថយន្តអគ្គិសនីត្រូវចាយថវិកាប្រមាណជាង៩ពាន់៦រយរៀល ចំណែកការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈត្រូវចំណាយថវិការហូតដល់ជាង៣ម៉ឺន៥ពាន់៧រយរៀល។

សូមជម្រាបថា បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆមាសទី១ ឆ្នាំ២០២៤នេះ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន២,៩៦៨គ្រឿង ដោយក្នុងនោះមានទោចក្រយានយន្តចំនួន៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន៤៤០គ្រឿង និងរថយន្តចំនួន១,៦១៤គ្រឿង៕

អត្ថបទពាក់ព័ន្ធ