មនុស្ស៣នាក់រងរបួស ក្នុងហេតុការណ៍រថយន្តធុនធំ ៣គ្រឿងបុកគ្នា នៅស្រុកអូររាំងឪ


ខេត្តត្បូងឃ្មុំ៖ រថយន្តធុនធំ ៣គ្រឿងបានបុកបន្តគ្នាពេញទំហឹង បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាល រីឯរថយន្តធំទាំង៣គ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើង​ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១១ ចន្លោះគីឡូម៉ែត្រលេខ ៧២ និងលេខ៧៣ ត្រង់ចំណុចមុខការាសសាំងឈ្មោះ ធី មានហេង ស្ថិតក្នុងភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា៖ រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ដឹកស្រូវ ពាក់ស្លាកលេខ កំពង់ធំ 3A-3949 បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅខាងឆ្វេងដៃ ចូលចំណែកផ្លូវម្ខាងទៀត ធ្វើឱ្យបុករថយន្តហ៊ីយ៉ាន់ដាយដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 3C-0931 ចំពីចំហៀងខាងឆ្វេង ដែលកំពុងបើកបរពីត្បូងមកជើង ហើយរថយន្តបង្កដដែល បានបន្តជ្រុលទៅបុករថយន្ត ១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ដឹកជី ពាក់ស្លាកលេខ កំពង់ចាម 3A-6317 ដែលបើកបរពីក្រោយរថយន្តដឹកស៊ីម៉ង់ត៍ ចំពីមុខពេញទំហឹងគាបជាប់អ្នកបើកបរម្នាក់។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអូររាំងឪបានឱ្យដឹងដែរថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត២គ្រឿង បានបុកគ្នាក្នុងដំណើរបញ្ច្រាសទិសគ្នា ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-3949 រ៉ឺម៉កសណ្តោង ពាក់ស្លាកលេខ កំពង់ចាម 4A-1480 (ដឹកស្រូវ )បើកបរដោយឈ្មោះ ទុយ ចាន់ដារិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រសឮនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (រងរបួសធ្ងន់) បុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3C-0931 រ៉ឺម៉កសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ 4A-5774 (ដឹកស៊ីម៉ង់ត៍) បើកបរដោយឈ្មោះ អាំ នឿន  ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ រសនៅភូមិព្រែកតានេន ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (គ្មានរបួស) និងបង្កជាមួយរថយន្ត ១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម 3A-6317 រ៉ឺម៉កសណ្តោង ពាក់ស្លាកលេខ កំពង់ចាម 4A-0894 (ដឹកជី) បើកបរដោយឈ្មោះ ថុល ឃ្លី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (រងរបួសស្រាល)។  

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ។ ចំពោះករណីនេះបណ្តាលមកពីអ្នកបើកបរ (ងងុយដេក)។ ចំពោះវត្ថុតាងរថយន្តចំនួន ៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដើម្បីចាត់ការទៅតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ