ខ្មាន់កាំភ្លើងបានស្លាប់ ក្រោយបរាជ័យធ្វើឃាត លោក ត្រាំ
ទីភ្នាក់ងារ Secret Service បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់ប្រហារលើលោក ដូណាល់ ត្រាំ បានបាត់បង់ជីវិតហើយ ស្របពេលអ្នកចូលរួមព្រឹត្តិការណ៍ម្នាក់ក៏បានស្លាប់ផងដែរ រីឯ២នាក់ទៀតរងរបួស។
ទីភ្នាក់ងារ Secret Service បានរាយការណ៍ថា គោលដៅបាញ់ប្រហារលើលោក ត្រាំ គឺចេញមកទីតាំងខ្ពស់មួយ នៅកន្លែងស្ថិតក្រៅតំបន់ ដែលត្រូវបានធានាសុវត្ថិភាពដោយ Secret Service។ លោក ដូណាល់ ត្រាំ បានរងរបួសស្រាល បន្ទាប់ពីគ្រាប់កាំភ្លើងបានហោះឆាបចំស្លឹកត្រចៀករបស់លោក ក្នុងការសកម្មភាពដែលទំនងជាការប៉ុនប៉ងធ្វើឃាត។
ទីភ្នាក់ងារ Secret Service និងយុទ្ធនាការរបស់ លោក ដូណាល់ ត្រាំ បាននិយាយថា លោកអតីតប្រធានាធិបតី មានសុវត្ថិភាព ក្រោយការបាញ់ប្រហារ ដែលបានកើតឡើងអំឡុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្រ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នៅទីក្រុង Butler នៃរដ្ឋ Pennsylvania៕