រថយន្តបុកម៉ូតូ បណ្ដាឱ្យបុរសវ័យចំណាស់ម្នាក់ បាត់បង់ជីវិត នៅស្រុកស្រីស្នំ


ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តជាមួយម៉ូតូ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រសៀល
ត្រូវថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ ២៨-២៩ តាមបណ្ដោយផ្លូវជាតិលេខ ៦៨ ក្នុងភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

តាមសមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះ ហឿន  ម៉ុន ភេទប្រុស  អាយុ ៦៤ឆ្នាំ រស់នៅភូមិយាយម៉ី ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប រងរបួសធ្ងន់ ហើយស្លាប់នៅតាមផ្លូវ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកជនបង្ក ជាអ្នកបើកបររថយន្ត មានឈ្មោះ ស្រស់ រស់នៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

តាមប្រភពបានឱ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឃើញមានរថយន្តមួយគ្រឿង ម៉ាក Nissan ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាម 2A-0329 មានទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូមួយគ្រឿង ម៉ាក សង់ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាម 1AN-8730 មានទិសដៅពីត្បូងទៅជើង ក្នុងទិសដៅស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគ្នា បណ្ដាឱ្យភាគីខាងម៉ូតូ រងរបួសធ្ងន់ ហើយស្លាប់នៅតាមផ្លូវ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូ រងការខូចខាតស្រាល។ ចំពោះអ្នកបើកបររថយន្តខាងលើបានរត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែង កត់កំណត់ហេតុ និងនាំយកវត្ថុតាង រថយន្តនឹងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

អត្ថបទពាក់ព័ន្ធ