ករណីបង្ក្រាបល្បែងអនឡាញខុសច្បាប់នៅក្រុងបានលុង សមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ
ខេត្តរតនគីរី៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣០នាទី ដោយទទួលបានព័ត៌មានរាយការណ៍ពីប្ប្រជាពលរដ្ឋមានករណីលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតឡូតូអេឡិចត្រូនិក) មួយកន្លែងនៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ឡត ចាន់ណា ស្ថិតក្នុងភូមិ អូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កម្លាំងជំនាញព្រហ្មទណ្ឌក្រុងបានលុង សហការជាមួយកម្លាំងប៉ុស្តិ៍បឹងកន្សែងដឹកនាំ និងបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ហួត បូរី អធិការនគរបាលក្រុងបានលុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារង បានចុះពិនិត្យដល់ទីតាំង និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដេីម្បីយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងបានលុង។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ៖ ១-ឈ្មោះ ផែន សូដា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិអន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរ បុគ្គលិកក្រុមហ៊ុន។ ២-ឈ្មោះ ឡត ចាន់ណា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិឡាវ ទីលំនៅបច្ចុប្បន្នភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង មុខរបរ មន្រ្តីរាជការ (ម្ចាស់ទីតាំង)។ ចំពោះសម្ភារៈជាវត្ថុតាងដែលបានដកហូតរួមមាន៖ ១-ទូរស័ព្ទម៉ាក oppo ពណ៌ខ្មៅ ចំនួន ០១ គ្រឿង ២-កុំព្យូទ័រ Laptop ចំនួន០១គ្រឿង និងសៀវភៅបញ្ជីចំនួន០១ក្បាល។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ផែន សូដា បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់(ឡូតូអនឡាញ))ពិតប្រាកដមែន ដោយឈ្មោះ គឹម សុភក្រ្ត័ បានអោយខ្លួនធ្វើជាបុគ្គលិក ព្រមទាំងធ្វេីកិច្ចសន្យាការងារជាមួយ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។
ចំណែកចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឡត ចាន់ណា បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព ផ្ដល់ទីតាំង លេងល្បែងស៊ីសងខុសច្បាប់(ឡូតូអនឡាញ) ពិតប្រាកដមែន ដោយឈ្មោះ គឹម សុភក្រ្ត័ បានជួលទីតាំងរបស់ខ្លួន ព្រមទាំងធ្វេីកិច្ចសន្យាជួល ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
លោក កែវ ពិសុទ្ធ អ្នកនាំពាក្យអមសាលាដំបូងខេត្តរតនគរីបានឲ្យដឹងថា បច្ចុប្បន្នវត្ថុតាង ព្រមទាំងជនសង្ស័យទាំង០២នាក់ ខាងលើត្រូវបានដដកហូតរក្សាទុក និងឃាត់ខ្លួន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕