អភិបាលខេត្តតាកែវដាក់ឱសានវាទ មួយសប្តាហ៍ ឲ្យរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរតាមបណ្ដោយផ្លូវ និងចិញ្ចើមផ្លូវចេញឲ្យអស់

ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្ដតាកែវ បានផ្ដល់ពេល៧ ថ្ងៃ ឱ្យរើស្លាកសញ្ញាស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តតាកែវឱ្យអស់ បើមិនអនុវត្ដរដ្ឋបាលខេត្តតាកែវ និងចាត់ការតាមនីតិវិធី រដ្ឋបាលធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារៈទាំងនោះឡើយ រីឯការចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្មតែម្ដង។

លោក វ៉ី សំណាង បានសង្កេតឃើញថា មានការតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរជាច្រើន និងគ្រឿងស្រវឹងគ្រប់ប្រភេទតាមបណ្តោយផ្លូវនិងចិញ្ចើមផ្លូវសាធារណៈនានា ដែលបានធ្វើឱ្យ បាត់បង់នូវសោភ័ណ្ឌភាពសេចក្តីថ្លៃថ្នូររបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តតាកែវ។

លោក បានបញ្ជាក់ថា ដើម្បីរួមចំណែក លើកកម្ពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងរក្សាបានសោភ័ណ្ឌភាពនៅក្នុងភូមិសាស្ត្រខេត្តតាកែវ រដ្ឋបាលខេត្ត ស្នើសុំលោក-លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបាន ដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ក្នុងរយៈពេល០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ពុំព្រមធ្វើការរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធី រដ្ឋបាលធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារទាំងនោះឡើយ។ រីឯការ ចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្ម ។

ជាមួយគ្នានេះ លោកក៏ថ្លែងអំណរគុណ នឹងធ្វើការកោតសរសើរចំពោះការចូលរួមសហការពី សំណាក់លោក-លោកស្រីជាម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងភេសជ្ជៈដ្ឋាន មួយចំនួនដែលបានធ្វើ ការរុះរើជាបន្តបន្ទាប់ ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ និងម្ចាស់អាជីវកម្មផ្សេងទៀត ក្នុងខេត្តតាកែវ ដើម្បីមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយ អំពើហឹង្សា ព្រមទាំងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗបណ្តាលមកពីគ្រឿងស្រវឹង។

ការប្រកាសឱ្យមានបការរុះរើស្លាកសញ្ញាស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្តតាកែវនេះ ដើម្បីឆ្លើយតបតាមស្រាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។

ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ មិនមែនត្រឹមតែដើម្បីចង់បានការសរសើរគាំទ្រពីសាធារណជន និងមជ្ឈដ្ឋានសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែគោលដៅធំបំផុត គឺដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយព្រោងព្រាតគ្រប់ច្រកឡ្ហកនេះទៀតសោត ក៏នាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ៕

អត្ថបទពាក់ព័ន្ធ