រថយន្តបុកត្រាក់ទ័រស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកម៉ាឡៃ
ភ្នំពេញ៖ មនុស្សម្នាក់បានបាត់បង់ជីវិតភ្លាមៗនិងមននាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកត្រាក់ទ័រពីក្រោយពេញទំហឹងនៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លើកំណាត់ផ្លូវលេខ៥៩ ចន្លោះគីឡូម៉ែត្រលេខ១៤-១៥ស្ថិត នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា មុនដំបូងមានត្រាក់ទ័រ១គ្រឿង ម៉ាកFORD ពណ៌ខៀវបើកបរដោយឈ្មោះ សំ សាមុត ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិទួលប្រសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត01គ្រឿងម៉ាក NISSAN FRONTIER ពណ៌ទឹកប៊ិចចង្កូតស្តាំពាក់ផ្លាកបាត់ដំបង2A-3855 បើកបរដោយឈ្មោះ យី សុទ្ធ ភេទប្រុស អាយុ ៦៥ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ទិសដៅស្របគ្នា ក្នុងល្បឿនលឿន ទៅបុកត្រាក់ទ័រពីក្រោយពេញទំហឹង បណ្ដាលអោយគ្រោះថ្នាក់តែម្តង។
លោកអធិការបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឈ្មោះ សំ សាមុត អ្នកបើកបរត្រាក់ទ័រ(ស្លាប់នៅកន្លែងកើតហេតុ) ចំណែកឈ្មោះ យី សុទ្ធ អ្នកបើកបររថយន្ត(រងរបួសធ្ងន់បញ្ជូនទៅពេទ្យប្រទេសថៃ) ។ផ្នែកសម្ភារៈត្រាក់ទ័រ(ខូចខាតស្រាល) រថយន្ត (ខូចខាតធ្ងន់) ។មូលហេតុ: រថយន្តបើកបរក្នុងល្បឿនលឿនពេលអាកាសធាតុមិនល្អ(យប់)មើលមិនបានឆ្ងាយ ។ វត្ថុតាងទាំងពីរបានយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ៕