ប៉ូលិសផែនការិយាល័យគ្រឿងញៀនខេត្តស្ទឹងត្រែង ចំនួន៣នាក់ ត្រូវឃាត់ខ្លួនបញ្ជូនចូលពន្ធនាគារ ពាក់ព័ន្ធរឿងគ្រឿងញៀន
ខេត្តស្ទឹងត្រែង៖ តាមចម្លើយសារភាពនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជូនថ្នាក់ដឹកនាំផែនការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង ទៅពន្ធនាគារតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់តុលាការក្រោយប្រតិបត្តិការស៊ើបអង្កេតចុះបង្ក្រាបជាបន្តបន្ទាប់ក្នុងករណីពាក់ព័ន្ធគ្រឿងញៀន ។
ពាក់ព័ន្ធករណីឡោមព័ទ្ធផ្ទះប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធបានចុះប្រតិបត្តិការកាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ ស្ថិតនៅផ្លូវទំនប់បេតុង ភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
យោងតាមព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា៖ ករណីកម្លាំងកងរាជអាវុធហត្ថ ចុះឡោមព័ទ្ធនិងឃាត់ខ្លួនប្រធានការិយាល័យគ្រឿងញៀននៅគ្រានោះគឺយោងទៅតាមចម្លើយសារភាពរបស់ជនសង្ស័យក្នុងករណីលួច និងកាត់ខ្សែភ្លើង និងប្រើប្រាស់គ្រឿងញៀន ។
ចម្លើយសារភាពទាំងនោះក៏មានការពាក់ព័ន្ធអនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀនចំនួនពីរនាក់ថែមទៀតផង ។ បន្ទាប់ការឃាត់ខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរួមអនុប្រធានពីរនាក់ផ្សេងទៀត កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបន្តនីតិវិធីក្នុងការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់រយៈពេលបីថ្ងៃដើម្បីជៀសវាងប៉ះពាល់ដល់កិត្តិយស។
ក្រោយការស៊ើបអង្កេតកម្លាំងកងរាជអាវុធហត្ថបានបញ្ជូនប្រធានការិយាល័យប្រឆាំងគ្រឿងញៀន រួម អនុប្រធានការិយាល័យចំនួនពីររូបទៀតទៅតុលាការហើយព្រះរាជអាជ្ញា ក៏ បានចោទប្រកាន់និងបញ្ជូនបន្តទៅ ចៅក្រមស៊ើបសួរនិងបញ្ជូនបន្តទៅឃុំនៅពន្ធនាគារ ។
ជនសង្ស័យ ៣នាក់ ដែលត្រូវបានគេស្គាល់គឺ៖
១- ឈ្មោះ ចែម ផានិត មានឋានៈវរសេនីយ៍ឯក ស័ក្តិ៥ មានតួនាទីជានាយការិយាល័យនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន។
២- ឈ្មោះ ចាន់ រដ្ឋា ឋានៈវរសេនីយ៍ត្រី ស័ក្តិ៤ ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន។ និង
៣- ឈ្មោះ ឃឹម លាងឃាន់ ឋានៈវរសេនីយ៍ត្រី ស័ក្តិ៤ ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
លោក អូត ស៊ីវត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បាននិយាយតាមប្រព័ន្ធតេឡេក្រាមប្រាប់សារព័ត៌មាន កាលពី ព្រឹក ថ្ងៃទី ២៤ កក្កដា ២០២៤ នេះថា ព្រោះនេះគ្រាន់តែជាចម្លើយសារភាពអាចោរលួចខ្សែភ្លើងដែលវា ប្រើប្រាស់គ្រឿងញៀនទេបើភស្តុតាងពិតមិនពិតអាហ្នឹងអត់ទាន់មានទេអញ្ចឹងបើមានភស្តុតាងពិតអាហ្នឹងធ្វើតាមច្បាប់ចុះមានតែប៉ុនហ្នឹងទេ ។
លោក ឈុំ ស៊ាង ហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងបានមានប្រសាសន៍កាលពីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះដែរថា ក្នុងសំណុំរឿងខាងលើនេះ ព្រះរាជអាជ្ញា និងចៅក្រមបានចោទប្រកាន់រួចរាល់និងចេញដីកាឃុំខ្លួនរួចហើយ។
ចំណែកវត្ថុតាងរឹបអូសរួមមានប្រាក់ដុល្លារសុទ្ធចំនួន ៤ ម៉ឺនដុល្លារ ( បួនម៉ឺនដុល្លារ ) ប្រាក់ដុល្លារក្លែងក្លាយ ( លុយសែន ) ចំនួន ១៧៨.១០០ ដុល្លារ ( ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លារ ) គ្រឿងញៀនចំនួន៣,១៧ ក្រាម ទូរស័ព្ទដៃ៥គ្រឿង រថយន្តម៉ាកហាយឡិនឌ័រ ១ គ្រឿង និងអាវុធខ្លី១ដើម គ្រាប់៣៤ គ្រាប់ ៕