ដំណឹង​ល្អ !ទី​បំផុត អាជ្ញាធរ​អប្សរា​បើក​ទូលាយ​ឱ្យ​ថត​រូប និងវីដេអូ​សម្រាប់​ផ្សព្វផ្សាយ​នៅ​តំបន់អង្គរ​វិញហើយ​

ភ្នំពេញ៖ បន្ទាប់ពីមានការ​រិះគន់​ខ្លាំងៗពីសំណាក់​ភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិ ជុំវិញ​ការ​រឹត​បន្តឹង​ការថត​រូប​ និង​វីដេអូ​នៅតំបន់​អង្គរ ​អាជ្ញាធរ​អប្សរាបានសម្រេច​បើកទូលាយ​ ដោយអាចថតរូបនិ​ងវីដេអូ​សម្រាប់​ផ្សព្វ​ផ្សាយ​លើ​បណ្ដាញសង្គម​ និង​ថតរូប​ វីដេអូ​ទុកជា​អនុស្សាវរីយ៍ ដោយមិនពុំ​ចាំបាច់​ដាក់ពាក្យស្នើ​សុំ​ពី អាជ្ញាធរ​អប្សរា​ឡើយ ។​

យោងតា​ម​សេចក្ដីជូនដំណឹងរបស់អាជ្ញាធរអប្សរា​បានឱ្យដឹងថា​ ការ​ថត ផ្សព្វផ្សាយ​ក្នុ​ងប្រព័ន្ធបណ្ដាញសង្គម​ ដូចជា​ Facebook, Youtube , Tik Tok ….តាមទូរសព្ទដៃ ពុំ​ចាំបាច់​ដាក់ពាក្យស្នើសុំទេ ប៉ុន្តែ​អាជ្ញាធរ​ហាម​ថត​រូបអាសអាភាស និងសកម្មភាពប៉ះពាល់ដល់​តម្លៃសីលធម៌ និងវប្បធម៌​នៅគ្រប់ផ្នែក​ទាំងអស់​នៃសេវាទូទៅ ។

មួយវិញទៀត ការ​ថត​រូបក្នុង​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍ ចងក្រងជាអនុស្សាវរីយ៍​ផ្ទាល់ខ្លួន ទាំង​ជាតិ និងអន្តរជាតិ ដោយពុំ​ប្រើប្រាស់ឧបករណ៍ ដ្រូន ដែល​កន្លងមកតម្រូវឱ្យ​ស្នើ​សុំ​ច្បាប់នោះ ពេលនេះ​អាជ្ញាធរ​ក៏អនុញ្ញាតឱ្យ​ថត​ដោយពុំ​ចាំបាច់​ដាក់ពាក្យ​ស្នើ​សុំនោះទេ។​

ថ្មីៗនេះដែរ មាន​អ្នកផលិតមាតិកាបណ្ដាញសង្គមអន្តរជាតិដ៏ល្បីមួយ​ក្រុម​បានមកដល់ប្រទេស​កម្ពុជា និង​បាន​ទៅថតវីដេអូ​ដើម្បីផ្សាព្វផ្សាយ​តាមបណ្ដាញសង្គម យូធូប ត្រូវ​បាន​មន្ត្រីអាជ្ញាធរ​អប្សរា​ហាមនិ​ងត្រូវ​ឱ្យ​ពួកគេទៅសុំ​ច្បាប់​ដើម្បីអាច​ថតបាន​។​ ការ​សុំ​ច្បាប់​របស់អាជ្ញាធរ​នា​ពេលកន្លងមក​គឺត្រូវរង់ចាំ​ក្នុងរង្វង់​មួយសប្ដាហ៍ ខណៈភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​គេមក​លេងអង្គរវត្តត្រឹមរយៈពេល​២ទៅ៣​ថ្ងៃយ៉ាង​យូរ នឹង​ត្រលប់ទៅកាន់​តំបន់​ទេសចរណ៍ផ្សេងទៀត​ឬ​ត្រលប់ទៅប្រទេស​កំណើត​វិញ ដូច្នេះការ​តម្រូវឱ្យ​ដាក់ពាក្យស្នើ​សុំ​នោះ បានធ្វើឱ្យ​បាត់បង់ចំនួន​ទេសចរ​ច្រើននៅតំបន់​រមណីយដ្ឋាន ជាក់ស្ដែង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ចំនួនភ្ញៀវទេសចរទៅ​​កម្សាន្ត​ និងទស្សនា​រមណីយដ្ឋានអង្គរ​មានការ​ធ្លាក់ចុះគួរឱ្យកត់សម្គាល់៕

អត្ថបទពាក់ព័ន្ធ