ភ្លៀងខ្យល់កន្ត្រាក់ រលំដើមឈើ ផ្ទះ បង្គោលភ្លើង នៅស្រុកបន្ទាយស្រី និងស្រុកស្វាយលើ
សៀមរាប ៖ ភ្លៀង ខ្យល់កន្ត្រាក់ ធ្វើឱ្យបាក់រលំដើមឈើមួយដើមធំ ត្រូវបានបាក់រលំ កាត់ទទឹងផ្លូវ ទៅស្រុកបន្ទាយស្រី បង្កឱ្យកកស្ទះចរាចរណ៍ តែពុំបង្កឱ្យអ្នកណារងរបួសឡើយ ដោយសារភ្លៀងខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី និងនៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃដដែល ភ្លៀង ខ្យល់បក់បោក បាក់រលំដើមឈើ ផ្ទះសម្បែងពលរដ្ឋ បង្គោលភ្លើង នៅសនរុកស្វាយលើ ខេត្តសៀមរាប ។
តាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង២រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដើមឈើមួយដើមធំ គឺដើមធ្លក ដោយសារភ្លៀង ខ្យល់កន្ត្រាក់ ធ្វើឱ្យបាក់រលំកាត់ទទឹកផ្លូវ បង្កឱ្យកកស្ទះចរាចរណ៍ មិនបង្កឱ្យប៉ះពាល់យានយន្ត ឬរបួសដល់មនុស្សឡើយ ។ ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច កម្លាំងអាជ្ញាធរ កាត់ សម្អាត យកចេញពីលើផ្លូវ ដើម្បីឱ្យចរាចរឆ្លងកាត់បានឡើងវិញ ។
សមត្ថកិច្ចបន្តទៀតថា លុះមកដល់វេលាម៉ោង៤និង១០នាទីថ្ងៃដដែលនេះ ភ្លៀង ខ្យល់កន្ត្រាក់ ធ្វើឱ្យបាក់រលំដើមឈើ បើកដំបូលផ្ទះ បាក់រលំផ្ទះ នៅស្រុកស្វាយលើ ក្នុងនោះ – ១ ឃុំស្វាយលើ ៖ បាក់រលំបង្កោលភ្លើងចំនួន៣ដើម ,របើកដំបូលផ្ទះចំនួន៣ខ្នង,រលំផ្ទះអស់ចំនួន២ខ្នង ,រលំដើមឈើកាត់ផ្លូវ២កន្លែង ។
២ ឃុំបឹងមាលា ៖ បាក់ដើមកាស្យាកាត់ផ្លូវមួយកន្លែងនៅភូមិត្រពាំងឫស្សី ,បាក់មែកឈើកាត់ផ្លូវ២កន្លែងកាត់ផ្លូវ នៅភូមិសក្តា ,របើកដំបូលផ្ទះប្រជាពលរដ្ឋ១ខ្នង ខូចខាតស័ង្កសី១២សន្លឹក ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សួរ សេត ភេទប្រុស អាយុ៤២ឆ្នាំ មានសមាជិកគ្រួសារសរុប៦នាក់ ស្រី២នាក់ នៅភូមិបឹងមាលា ។
៣ ឃុំខ្នងភ្នំ ៖ ដើមឈើ១ដើម ដួលសង្កត់ផ្ទះ១ខ្នង ម្ចាស់ផ្ទះឈ្មោះ ខេន ខន ភេទប្រុស អាយុ៤៣ឆ្នាំ មានសមាជិកក្នុងគ្រួសារ៦នាក់ ស្រី៤នាក់ រស់នៅភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ៕