ចាប់ខ្លួនមេប៉ុស្ដិ៍ឃុំអ្នកលឿង ខេត្តព្រៃវែង និងបក្ខពួកសរុប ចំនួន ៨នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន
ភ្នំពេញ៖ ពិតជាហួសចិត្តស្មានមិនដល់ទាល់តែសោះ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ខេត្តព្រៃវែង និងបក្ខពួក ជាមេក្លោងជួញដូរគ្រឿងញៀនិងចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន។ ប៉ុន្តែអំពើអាក្រក់របស់មន្ត្រីបែបនេះ មិនអាចលាក់បាំងបានឡើយ ពោលត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបនិងបញ្ជូនទៅតតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
ការចាប់ខ្លួននេះ ដោយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយអធិការដ្ឋាននគរបាលស្រុកពាមរក៍ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។
នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ដែលត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវ និងអង្កេតឃើញថា ជាមេក្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ អាយុ៤២ឆ្នាំ។ ជននេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង រួមជាមួយបក្ខពួក។
ក្រោយចាប់ខ្លួនកម្លាំងនគរបាលជំនាញ បានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោក អៀ ហាំឡេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារពីបទ «ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»៕