រថយន្ត ១គ្រឿង បុករះម៉ូតូកង់បីឥណ្ឌា បណ្ដាលឱ្យក្រឡាប់ ២គ្រឿង និងរថយន្ត ២គ្រឿង រងការខូចខាត នៅខាងជើងអង់តែនទួលគោក
(ភ្នំពេញ) ៖ មានករណីរថយន្តបុករះ ដោយរថយន្ត ០១ គ្រឿង ជិះដោយក្មេងប្រុស ០២ នាក់ បងប្អូន បានជ្រុលចង្កូតទៅបុករះម៉ូតូកង់ឥណ្ឌា ចំនួន ០២ គ្រឿង ក្នុងទិសដៅស្របគ្នា បណ្តាលឱ្យប្រឡាប់ និងជ្រុលទៅបុកជាមួយរថយន្ត ០១ គ្រឿង ម៉ាក Lexus RX300 និងរថយន្តម៉ាក Toyota Prius ជាបន្តបន្ទាប់ បណ្តាលឱ្យរងការខូចខាត ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០៤ ៖ ៤០ នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅខាងជើងអង់តែនទួលគោក ចំណុចផ្លូវ៣៥៥ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្តដែលបង្កគ្រោះថ្នាក់ម៉ាក Toyota Raize ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-7868 បើកបរដោយក្មេងជំទង់ម្នាក់ រួមចំណើរជាមួយក្មេងម្នាក់ទៀត ។
យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កធ្វើដំណើរតាមផ្លូវលេខ៣៥៥ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ក៏បានជ្រុលទៅបុកកង់បី ចំនួន ០២ គ្រឿង ក្នុងទិសដៅស្របគ្នាជាបន្តបន្ទាប់ បណ្តាលឱ្យក្រឡាប់ទាំង ០២ ។ បន្ទាប់ពីគ្រោះថ្នាក់ រថយន្តបន្តល្បឿនទៅបុករថយន្តម៉ាក Lexus RX300 ០១ គ្រឿង និងរថយន្តម៉ាក Toyota Prius ០១ គ្រឿងទៀត ។
នៅក្នុងគ្រោះថ្នាក់នេះ បណ្តាលអ្នករត់ម៉ូតូកង់បីម្នាក់ បានរងរបួសស្រាល និងបង្កឱ្យម៉ូតូកង់បី ចំនួន ០២ គ្រឿង និងរថយន្ត ០២ គ្រឿង បានរងការខូចខាត ។ ដោយឡែករថយន្តបង្កខ្ទេចខាងមុខធ្ងន់ធ្ងរ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសម្រួលចរាចរណ៍ និងទាក់ទងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីវាស់វែង និងសម្របសម្រួលដោះស្រាយ ៕