កម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួនអ្នកកត់ឆ្នោតកន្ទុយលេខវៀតណាម ក្នុងភូមិសាស្ដ្រខេត្តព្រៃវែង
ខេត្តព្រៃវែង ៖ មនុស្សប្រុសស្រី ចំនួន ០២ នាក់ ដែលជាកូនកញ្ច្រែងដើរទទួលកត់ឆ្នោតកន្ទុយលេខវៀតណាម នៅស្រុកពារាំង ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង។
យោងតាមសមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ថា ការចាប់ឃាត់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោង ០៣ ៖ ៣០ នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលជនសង្ស័យទាំង ០២ នាក់នេះ កំពុងដើរកត់ឆ្នោតវៀតណាម នៅក្នុងភូមិសាស្ត្រឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។
ប្រភព បានបន្តទៀតថា កូនកញ្ច្រែងដែលត្រូវបានចាប់ខ្លួន ទី១ ឈ្មោះ រស់ លាភ ភេទប្រុស អាយុ ៤៨ ឆ្នាំ មានទីលំនៅក្នុងភូមិស្នេហ៍ពុល ឃុំរកា ស្រុកពារាំង និងកូនកញ្ច្រែង ទី២ មានឈ្មោះ ចាន់ សុនី ភេទស្រី អាយុ ៥៥ ឆ្នាំ មានទីលំនៅក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ។
ក្នុងពេលចាប់ឃាត់ខ្លួននោះ សមត្ថកិច្ចដកហូតបានវត្ថុតាង ទូរសព្ទដៃ ចំនួន ០២ គ្រឿង សម្រាប់បាញ់ឆ្នោតទៅឱ្យមេឆ្នោត ក្រដាសកត់ឆ្នោតមួយចំនួន ប៊ិច ០២ ដើម ទឹកលុបមួយដើម និងប្រាក់រៀល ០៩ ម៉ឺន ៥០០ រៀល ។
ក្រោយពេលត្រូវបានចាប់ឃាត់ខ្លួន កូនកញ្ច្រែងទាំង ០២ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកពារាំង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង និងកសាងនីតិវិធីបន្ត ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ៕