រថយន្ត ២៥ កៅអី ដឹកអ្នកដំណើរ ក្រឡាប់ធ្លាក់ជ្រោះនៅតាមផ្លូវចុះពីច្រកជាំ បណ្តាលឱ្យស្លាប់ ០១នាក់ និងរងរបួសធ្ងន់ស្រាល ២៩នាក់

ខេត្តឧត្តរមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកអ្នកដំណើរ ០១គ្រឿង ដាច់ហ្វ្រាំង កំពុងបើកចុះពីច្រកអន្តរជាតិជាំ បានក្រឡាប់ធ្លាក់ជ្រោះបណ្តាលឱ្យមនុស្សស្លាប់ ០១នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៩នាក់ ហេតុការណ៍នេះបានកើតឡើងនារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

តាមប្រភពបានឲ្យដឹងថា៖ មុនពេលកើតហេតុ មានរថយន្តចំនួន ១៥២គ្រឿង និងមនុស្សចំនួន ៣,៣៧៩អង្គ/នាក់ មកពីខេត្តសៀមរាប បានដង្ហែទៀនព្រះវស្សា ទៅកាន់វត្តលោកតាសួង ក្នុងទឹកដីថៃ ដោយចូលក្នុងទឹកដីថៃប្រហែលម៉ោង១២ថ្ងៃត្រង់ និងបានវិលត្រឡប់មកវិញ ម៉ោងជាង៣រសៀល ហើយបានធ្វើដំណើរចុះពីច្រកព្រំដែនជាបន្តបន្ទាប់។ ប៉ុន្តែក្នុងចំណោមរថយន្តដែលបើកចុះពីលើភ្នំ នៃច្រកព្រំដែនអន្តរជាតិជាំ មានរថយន្ត ០១គ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស លាយលឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0757 បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយដាច់ហ្វ្រាំង ត្រង់ចំណុចផ្លូវឡើងភ្នំចំរាក់ទី១ បណ្តាលឱ្យក្រឡាប់ធ្លាក់ជ្រោះ ដែលមានអ្នកជិះលើរថយន្ត សរុបចំនួន ៣០នាក់ បណ្តាលឱ្យស្លាប់ ០១នាក់ ស្រីចំនួន ២៥នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះក្មេងចំនួន ០២នាក់ និងខូចរថយន្ដ ០១គ្រឿង៕

 

អត្ថបទពាក់ព័ន្ធ