ស្ត្រីម្នាក់ បើករថយន្តរវល់តែងោកចុចទូរសព្ទ ស្រាប់តែរេចង្កូតធ្លាក់ប្រឡាយលូ បណ្ដាលឱ្យក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើល
ភ្នំពេញ៖ ស្ត្រីម្នាក់ បើករថយន្តរវល់តែងោកចុចទូរសព្ទ រេចង្កូតធ្លាក់ប្រឡាយលូ បណ្តាលឱ្យក្រឡាប់ផ្ងារជើង តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន បានប្រាប់ឱ្យដឹងថា ស្ត្រីវ័យជាង ៣០ ឆ្នាំ បើកបររវល់តែងោកចុចទូរសព្ទ រេចង្កូតធ្លាក់ប្រឡាយលូ ក្រឡាប់ផ្ងារជើង តែមិនមានរងរបួសនោះឡើយ ។
តាមប្រភពខាងលើ បានឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់ វ័យជាង ៣០ ឆ្នាំ បានបើកបររថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-7109 បើកបរតាមបណ្តោយផ្លូវបេតុង ប្រប់ប្រឡាយលូ លុះពេលមកដល់ចំណុចកើតហេតុ ស្ត្រីជាអ្នកបើករថយន្ត បានងោកចុចទូរសព្ទ ហើយងើបមកវិញ ភ្លាមៗរថយន្តបានរេចង្កូតធ្លាក់ប្រឡាយ ក្រឡាប់ផ្ងារជើង ផ្អើលប្រជាពលរដ្ឋមកជួយសង្គ្រោះស្ត្រីខាងលើចេញពីរថយន្តតែម្តង ប៉ុន្តែសំណាងល្អមិនបង្កឱ្យរបួសនោះឡើយ ។
ហេតុការណ៍ខាងលើ ស្ត្រីជាម្ចាស់រថយន្តបានទាក់ទងហៅរថយន្តស្ទូច ដើម្បីយករថយន្តទៅជួសជុលដោយខ្លួនឯង ៕