ថៅកែដឹកជ្រូកនៅផ្សារដំដែក បើករថយន្តមានស្ថានភាពស្រវឹងបុកមនុស្សស្លាប់ម្នាក់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល នៅផ្លូវ៦០ម៉ែត្រ ក្រុងសៀមរាប


ខេត្តសៀមរាប៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តស៊េរីទំនើបចង្កូតស្តាំមួយគ្រឿងដឹកទ្រុងជ្រូក បើកបរមានស្ថានភាពស្រវឹង បានបុករះមកលើរថយន្ត ចំនួន ០២គ្រឿង និងម៉ូតូចំនួន ០២គ្រឿងយ៉ាងពេញទំហឹង បណ្ដាឲ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ០៤នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៩និង៣០នាទី ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចទីប្រជុំជនលក់ដូរ តាមបណ្ដោយផ្លូវ 60 ម៉ែត្រ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

– ជនបង្កជាអ្នកបើកបររថយន្ត មានឈ្មោះ លឹម សាយ ភេទប្រុស អាយុប្រមាណ ៤០ឆ្នាំ មុខរបរថៅកែលក់ជ្រូក រស់នៅក្នុងឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប.

– ចំណែកជនរងគ្រោះជាអ្នកបើកបរម៉ូតូ មានឈ្មោះ ជឺ ថា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានស្លាប់បាត់បង់ជីវិត.

– ជនរងគ្រោះ មានឈ្មោះ សាសា ភេទស្រី អាយុ ២១ឆ្នាំ ជាសង្សារជនរងគ្រោះខាងលើ រស់នៅបន្ទប់ជួលមួយកន្លែង នៅម្តុំផ្សារដើមក្រឡាញ់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រងរបួសធ្ងន់ត្រង់ជើងខាងធ្វេង.

– ជនរងគ្រោះ មានឈ្មោះ នី វណ្ណាត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងលាងរថយន្ត រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប រងរបួសស្រាលត្រង់ជើងខាងធ្វេង អ្នកទាំងបីជិះម៉ូតូឌុបគ្នា ។

– និងជនរងគ្រោះពីរនាក់ទៀតពុំស្គាល់អត្តសញ្ញាណ រងរបួសបន្តិចបន្តួច ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មានរថយន្តមួយគ្រឿង ម៉ាក Ford ដឹកទ្រុងជ្រូក ពាក់ស្លាកលេខ ចង្កូតស្តាំ SR-0755 បើកបរមានស្ថានភាពស្រវឹង និងល្បឿនលឿន មានទិសដៅពីលិចទៅកើត ចំណែកម៉ូតូជនរងគ្រោះម៉ាកហុងដា ឌ្រីម C125 ជិះឌុបគ្នាចំនួន ០៣នាក់ មានទិសដៅពីកើតទៅលិច ក្នុងទិសដៅបញ្រ្ចាសទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានបុកម៉ូតូជនរងគ្រោះចំពេញទំហឹង រេចង្កូតទៅប៉ះម៉ូតូចំនួន ០១គ្រឿង និងបន្តទៅប៉ះរថយន្តចំនួន ០២គ្រឿងបន្ថែមទៀតកំពុងឈប់ចតតាមផ្លូវ ។ ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។

អ្នកស្គាល់ជនបង្កសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនបង្កឈ្មោះ លឹម សាយ បានផឹកស៊ីជួបជុំមិត្តភ័ក្ត នៅក្នុងក្រុងសៀមរាប ផឹកស៊ីរួចហើយក៏បានបើករថយន្តក្នុងស្ថានភាពស្រវឹង ចេញមកដល់ត្រង់ចំណុច  ផ្លូវ 60 ម៉ែត្រ ក៏លឺដំណឹងថាបុកគេស្លាប់ ។

ក្រុមគ្រួសារនៃសពបានឲ្យដឹងថា៖ នៅថ្ងៃកើតហេតុកូនរបស់គាត់ បានមកលេងផ្ទះនៅព្រៃគុយ ពេលល្ងាចពួកគាត់ក៏ត្រឡប់ទៅក្រុងវិញ ទៅបន្ទប់ជួលគាត់នៅម្តុំផ្សារដើមក្រឡាញ់ ស្រាប់តែដល់ផ្លូវ៦០ម៉ែត្រ បានលឺដំណឹងថាជួបគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតបែបនេះ ។

នៅកន្លែងកើតហេតុឃើញមានវត្តមាន លោក តាន់ សំបូរ ស្នងការរង បានចុះពិនិត្យដល់ទីតាំងកើតហេតុខាងលើ ចំណែកសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង កត់កំណត់ហេតុ  និងនាំយកវត្ថុតាង រថយន្ត ម៉ូតូ យកទៅរក្សាទុកនៅស្នងការដា្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តតាមនីតិវិធីច្បាប់ ។

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ លោក សាំង សំណាង អ្នកយកព័ត៌មាន ធីញូស៍ដេលី ប្រចាំខេត្តសៀមរាប បានទំនាក់ទំនងសួរព័ត៌មានទៅលោក ឡុង ម៉េនសុយ៉ាលី ស្នងការរង ជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់អង្គភាពធីញូស៍ដេលីឲ្យដឹងថា៖ អ្នកបើកបររថយន្តបង្កខាងលើ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗ នៅកន្លែងកើតហេតុ បច្ចុប្បន្នកំពុងនៅការិយាល័យចរាចរណ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់ ។

មតិរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបានសម្តែងអារម្មណ៍ មិនគាំទ្រការផឹកស្រាស្រវឹង បើកបរទៅបុកមនុស្ស បង្ករអោយមានអ្នករបួស និងស្លាប់ និងស្នើសុំសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ដាក់គុក ឲ្យមានភាពយុត្តិធម៌ជូនគ្រួសារសព មិនអាចមានសំណងហើយ ឲ្យរួចខ្លួនបានទេ។

សូមរំលឹកថាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់សមត្ថកិច្ចថា បើមានករណីមានបទល្មើស ជាក់ស្ដែង ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់ គឺសមត្ថកិច្ចត្រូវអនុវត្តច្បាប់ ឃាត់ខ្លួនជនល្មើសភ្លាម ។

តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក រាល់ជនណាដែលបើកបរដោយធ្វេសប្រហេស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល និងត្រូវផ្ដន្ទាទោស ដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រ៥៣(ប្រភេទ នៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

លើសពីនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ទៅ២៥លានរៀល ប្រសិនសិនជនបង្កបើកបរដោយដោយគ្មានប័ណ្ណបើកបរ ឬមានបណ្ណបើកបរតែបើកមិនត្រូវតាមប្រភេទយានយន្ត ទៅបុកបណ្ដាលឱ្យមានអ្នកស្លាប់។ ត្រូវជាប់ពន្ធធនាគារចន្លោះពី២ឆ្នាំដល់៥ឆ្នាំពិន័យជាប្រាក់ពី១០លានរៀល ទៅ២៥លានរៀល ក្នុងករណីជនបង្ក បើកបរទៅបុកបណ្ដាលឱ្យគេស្លាប់ ហើយសមត្ថកិច្ចពិនិត្យឃើញថា ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិ អាល់កុលចាប់ពីសូនក្បៀសសែសិបមីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពីសូន្យក្បៀសប៉ែត្រសិបក្រាមក្នុងមួយលីត្រឈាម។

 

អត្ថបទពាក់ព័ន្ធ