ប៉ូលិសខេត្តសៀមរាប បង្រ្កាបក្មេងទំនើងចូលចិត្តដើរអុកឡុកពេលយប់ ឥលូវនេះបញ្ជូនទៅតុលាការហើយ
ខេត្តសៀមរាប៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការបង្រ្កាបក្មេងទំនើង និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ដែលតែងធ្វើសកម្មភាពបង្កអសន្តិសុខនៅក្នុងមូលដ្ឋានខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យចំនួន១០នាក់ខាងលើនេះ មានការពាក់ព័ន្ធករណីអំពើលួច ដោយប្រើហិង្សា (កាប់យកផ្លាកលេខ) និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( វាយជនរងគ្រោះនិងដុំថ្ម ខ្សែក្រវាត់ មួកការពារ ) និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ( គប់ដុំថ្មលើតូបលក់ដូរ ) បានធ្វើសកម្មភាពកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង០៣:១៥នាទីទាបភ្លឺ នៅចំណុចខាងកើតវត្តពោធិលង្កា ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២:៥០នាទី នៅតូបលក់អីវ៉ាន់ចាបហ៊ួយ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
នៅក្នុងប្រតិបត្តិការបង្រ្កាបក្មេងទំនើង សមត្ថកិច្ចជំនាញ បានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូជិះធ្វើសកម្មភាពរបស់ជនសង្ស័យចំនួន ០៣គ្រឿង ដុំថ្ម ០៧ដុំ និងដាវចំនួន ០១ដើម នៅក្នុងនោះចំណោមជនសង្ស័យទាំង១០នាក់ សមត្ថកិច្ចបានរកឃើញជនសង្ស័យចំនួន ០៤នាក់ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់៕
អត្ថបទ៖ ហេង សុធីរ, ប្រភព៖ ស្នងការខេត្តសៀមរាប