តោះមកដឹងរឿង! សិស្សថ្នាក់ទី៦ម្នាក់ ដែលប្រើប្រាស់កាយវិការមិនសមរម្យធាក់តុគ្រូ នៅក្នុងថ្នាក់រៀន
ខេត្តកំពង់ឆ្នាំង៖ សិស្សថ្នាក់ទី៦ម្នាក់ បានប្រើអាកប្បកិរិយាបែបហឹង្សា មកលើគ្រូបង្រៀនក្នុងបន្ទប់រៀន ដោយរត់មកធាក់តុគ្រូ នឹងសម្តែងចរិកចង់វាយគ្រូ ហេតុការណ៍នេះកើតឡើងនាពេលរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
តាមរបាយការណ៍របស់នាយកសាលាបឋមសិក្សាភូមិថ្មី បានបញ្ជាក់ថា៖ កូនសិស្សមានឈ្មោះ រី សុវណ្ណ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦ (ក) ដែលមានឪពុកឈ្មោះ វុត រី ម្តាយឈ្មោះ ប៉ក់ ទុំ មានទីលំនៅភូមិភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សិស្សខាងលើនេះ បានប្រព្រឹត្តកំហុសចំនួន ៣លើក មកហើយនៅក្នុងថ្នាក់ ព្រោះតែខឹងលោកគ្រូដាក់កិច្ចការផ្ទះឲ្យធ្វើតែមិនធ្វើ និងខឹងបានពិន្ទុតិចពេលសរសេរតាមអាន។
តាមរបាយការណ៍របស់លោកគ្រូនាយក៖ លើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៤ ផ្តើមចេញពីការធ្វើកិច្ចការផ្ទះ ដោយគ្រូបានដាក់កិច្ចការផ្ទះឲ្យសិស្សយកទៅធ្វើនៅផ្ទះ ហើយសិស្សឈ្មោះ រី សុវណ្ណ មិនបានធ្វើនោះទេ លុះដល់ពេលគ្រូឲ្យសិស្សយកកិច្ចការមកដាក់គាត់បែរជាថាគ្រូគាបសង្កត់។ គាត់ហើយវាយតុចំពោះមុខគ្រូ ហើយក្រោយមកក៏មានការសម្របសម្រួលរវាងមាតាបិតាសិស្សជាមួយនាយក និងគ្រូទើបស្ងប់ស្ងាត់។
លើកទី២ រហូតដល់ថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤ គ្រូបានសរសេរតាមអានដាក់ពិន្ទុចំនួន១០ពាក្យ ដោយកំណត់១ពាក្យ ១ពិន្ទុ ហើយគាត់សរសេរបាន ៧ពិន្ទុស្រាប់ពេល្រគូចែកសន្លឹកកិច្ចការជូន សិស្សវិញសិស្សបែរជាមិនពេញចិត្ត នឹងពិន្ទុរបស់ខ្លួនហើយបោកសៀវភៅលើតុ និងដើរចេញទៅផ្ទះដោយមិនគោរពគ្រូ។
លើកទី៣ ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមគឺថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៣និង១០នាទីរសៀល ពេលគ្រូអញ្ជើញម្តាយរបស់គាត់មកអប់រំណែនាំស្រាប់តែសិស្សឈ្មោះ រី សុវណ្ណ បានបោកសៀវភៅ និងកាតាបចោលលើក្តារខៀន។ លុះពេលគ្រូហៅគាត់មកខាងមុខ គាត់បែរជារត់មកធាក់តុគ្រូ រួចសម្ដែងឥរិយាបថបែបហិង្សាមកលើគ្រូ។
លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ លោកបានទទួលព័ត៌មាននេះហើយកំពុងឲ្យខាង ការិយាល័យអប់រំស្រុក ជលគិរី ចុះប្រជុំជាមួយអាជ្ញាធរនិងអាណាព្យាបាលសិស្សដើម្បីរកដើមហេតុ ដែលឲ្យកើតរឿងនេះ និងរកវិធានការដោះស្រាយ ។
ទោះជាយ៉ាងនេះក្តី មតិមហាជនលើកឡើងថាប្រសិនបើគ្មានការរឹតបណ្ដឹង ឬដាក់វិន័យ ចំពោះសិស្ស រូបនេះទេ សិស្សរូបនេះនឹងនៅតែក្លាយជាក្មេងទំនើងហើយ នឹងអាចក្លាយជាគំរូអាក្រក់ដល់សិស្សដទៃទៀត ៕