បង្ក្រាប និងដុតបំផ្លាញចោលសាច់បង្កកខូចគុណភាពជាង ៦តោន នៅខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ កម្លាំងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានដុតបំផ្លាញចោលសាច់បង្កកជាង ០៦ តោន ក្រោយស្ទាក់ចាប់បាន កាលពីវេលាម៉ោង ០៩ យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវចុះពីផ្លូវល្បឿនលឿនខាងលិច ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ បន្ទាប់ពីទទួលបានព័ត៌មានថា មានរថយន្តដឹកទំនិញ ០១ គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3550 ដឹកសាច់បង្កក ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន មន្ត្រីគយ និងរដ្ឋាករ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះទៅគោលដៅដែលចង្អុលបង្ហាញនោះ ។
នៅវេលាម៉ោងជាង ០៩ យប់ ថ្ងៃខែឆ្នាំដដែល មន្ត្រីគយ ក៏បានជួបរថយន្តខាងលើបែកកង់ នៅចំណុចគីឡូម៉ែត្រលេខ K31+800 ស្ថិតនៅភូមិជ្រលងថ្កូវ ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រឡាប់ចាក់ទំនិញជាសាច់បង្កករាយប៉ាយពេញផ្លូវ ដោយមាននគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ប្រចាំផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងអនុវត្តនីតិវិធីច្បាប់ចរាចរណ៍ ។
ក្រោយកើតហេតុ មន្រ្តីគយក៏បានស្នើសុំកិច្ចសហការពីមន្រ្តីនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ដែលប្រចាំការលើផ្លូវល្បឿនលឿន ។
សាច់បង្កកដែលផ្ទុកលើរថយន្តខាងលើ បានសាងដាក់លើរថយន្តផ្សេង ហើយនាំយកមកសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ ដោយអនុវត្តន៍នីតិវិធីជាធរមាន ។
ចំពោះលទ្ធផលត្រួតពិនិត្យដូចខាងក្រោម បានរកឃេីញ ពងត្រីបង្កក ចំនួន ១០០ កេស, ប្រហិតសាច់មាន់បំពងម្សៅ ចំនួន ៤០ កេស, ប្រហិត SHENGLONG ចំនួន ៤៥ កេស, ប្រហិតបន្ទះសាច់មាន់បំពងម្សៅ ចំនួន ៤៦ កេស, សាច់មាន់ចង្កាក់ប្រឡាក់គ្រឿង ចំនួន ២៤ កេស, ឈាមទា ចំនួន ៤៩ កេស, ពោះគោ ចំនួន ០៥ កេស, ព្រុយត្រីសាម៉ុន ចំនួន ០៤ កេស, កន្ទុយជ្រូក ចំនួន ២៤ កេស, សាច់មាន់ ចំនួន ២៩ កេស, សាច់គោ ចំនួន ៤០ កេស, ក្រលៀនគោ ចំនួន ០២ កេស, ពោះវៀនជ្រូក ចំនួន ១០ កេស និងឆ្អឹងជំនីជ្រូក ចំនួន ២០ កេស សរុបទាំងអស់ ចំនួន ៤៣៨ កេស ស្មើនឹង ៦១៩៩ គីឡូក្រាម។
ក្រោយកិច្ចសហការពីមន្ត្រីជំនាញ ក.ប.ប បានពិនិត្យឃើញថា សាច់បង្កកបានទាំង ១៤ មុខខាងលើ មន្រ្តីក.ប.បបានធ្វើពិសោធន៍ បានបញ្ជាក់ថា សាច់បង្កកខាងលើខូចគុណភាព មិនអាចឱ្យចរាចរណ៍លើទីផ្សារឡើយ ។
ដូចនេះ សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ មន្រ្តីជំនាញ ក.ប.ប និងកម្លាំងកងរាជហត្តខេត្តកំពង់ស្ពី និងសមត្ថកិច្ចពាក់ព័ន្ធ បានសម្រេចធ្វើការដុតកម្ទេចចោល ៕