កម្លាំងជំនាញជលផល ចុះបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រស្រុកចំនួន៣ របស់ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖​ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៤ នេះ បានចុះបង្ក្រាបបទល្មើសនេសាទតាមដងទន្លេ ក្នុងភូមិសាស្ត្រស្រុកចំនួន៣ របស់ខេត្តកំពង់ឆ្នាំង ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឱ្យដឹងថា នៅថ្ងៃទី១៣ សីហានេះ កម្លាំងខណ្ឌរដ្ឋបាលជលផល បានចែកចេញជា ៣ក្រុម ដែលក្រុមទី១ សហការជាមួយក្រុមការងារអន្តរាគមន៍ថ្នាក់ជាតិ មធ្យោបាយកាណូត ៣គ្រឿង កម្លាំង ១៧នាក់ បានចុះទៅកាន់ភូមិសាស្ត្រ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ក្រុមទី២ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់លែង មធ្យោបាយកាណូត ១គ្រឿង កម្លាំង ៥នាក់ បានចុះទៅកាន់ភូមិសាស្ត្រ ឃុំកំពង់ហៅ ស្រុកកំពង់លែង និងក្រុមទី៣ សហការជាមួយគណបញ្ជាការ ឯកភាពស្រុក មធ្យោបាយកាណូត ២គ្រឿង កម្លាំង​ ១៤នាក់ បានចុះទៅកាន់ភូមិសាស្ត្រ ឃុំពាមឆ្កោក និងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

លោក បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទ ទាំង៣​ គោលដៅនេះ កម្លាំងចម្រុះ សម្រេចរុះរើបំផ្លាញចោល របាំងស្បៃមុង ០៩កន្លែង ប្រវែង ៤៥០ម៉ែត្រ បង្គោល ១៥០ដើម លបលូស្បៃមុង ០៩មាត់​ និងបានចាក់លែងត្រីចម្រុះល្អិតៗ ចំនួន ២០០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ សម្រេចរុះរើបំផ្លាញចោល របាំងសាច់អួន ៦កន្លែង ប្រវែង ៦៥០ម៉ែត្រ លបលូសាច់អួន១១ មាត់ បង្គោល ៤៥០ដើម និងចាក់លែងត្រីចម្រុះល្អិតៗ ចំនួន១៥ គីឡូក្រាមទៅក្នុងដែនទឹកធម្មជាតិវិញ ៕

អត្ថបទពាក់ព័ន្ធ