សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគអនឡាញ
ភ្នំពេញ ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឱ្យដឹង នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះថា ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគអនឡាញ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ជនសង្ស័យ ឈ្មោះ អ.ផ.ន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនត្រូវបានជនអនាមិកប្រើប្រាស់បណ្តាញសង្គមតេឡេក្រាមអូសទាញ ឱ្យប្រគល់គណនីធនាគារដល់ជនអនាមិកនោះ ដើម្បីយកទៅប្រើប្រាស់ក្នុងការទទួលប្រាក់ជាថ្នូរនឹងផលប្រយោជន៍ ដែលបានមកពីការឆបោកប្រាក់ ក្រោមរូបភាពវិនិយោគអនឡាញ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត។ នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕