ម្ចាស់និងនាយកប្រតិបត្តិ កម្មវិធីផ្ញើសារដ៏ល្បីរបស់ពិភពលោក App Telegram ត្រូវប៉ូលិសបារាំងចាប់ខ្លួន


ប្រទេសបារាំង៖ លោក ផាវែល ឌូរ៉ូវ (Pavel Durov) ជាម្ចាស់ និងនាយកប្រតិបត្តិ កម្មវិធីផ្ញើសារដ៏ល្បីរបស់ពិភពលោក App Telegram ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ ប៊ូហ្គេត (Bourget) ស្ថិតនៅជាយទីក្រុងប៉ារីស ក្នុងប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួនទៅកាន់ទីនោះ។

នេះបើយោងតាមសារព័ត៌មាន Reuters និងសារព័ត៌មានធំៗរបស់អន្តរជាតិ បានចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពី មហាសេដ្ឋី លោក ផាវែល ឌូរ៉ូវ (Pavel Durov) បានធ្វើដំណើរចេញពីប្រទេស អាស៊ែបៃហ្សង់ (Azerbaijan) ទៅកាន់ប្រទេសបារាំង ហើយត្រូវបានប៉ូលិសចាប់ខ្លួននៅទីនោះ នាល្ងាចម៉ោង៨យប់ (ម៉ោងក្នុងប្រទេសបារាំង) ត្រូវថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤  គាត់ត្រូវបានចោទប្រកាន់ពីបទ ​បដិសេធ​មិន​ត្រួតពិនិត្យ Data នៃ​វេទិកា​របស់​គាត់ រួមមាន៖ ភេវរកម្ម ការជួញដូរ ការសមគំនិត ការក្លែងបន្លំ ការលាងលុយកខ្វក់ និងច្រើនទៀត៕

បន្ទាប់ពីមានដំណឹងអំពីការចាប់ខ្លួនរបស់គាត់ ស្ថានទូតរុស្ស៊ីនៅប្រទេសបារាំងបានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ តាស (TASS) របស់រុស្ស៊ីថា ពួកគេមិនត្រូវបានទាក់ទងដោយក្រុមរបស់លោក ឌូរ៉ូវ (Durov) ទេ ប៉ុន្តែកំពុងចាត់វិធានការភ្លាមៗដើម្បីបញ្ជាក់អំពីស្ថានការណ៍នេះ។

តំណាងរុស្ស៊ីប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែន លោក ម៉ាកខាយ យូយ៉ានូវ (Mikhail Ulyanov) រួមជាមួយអ្នកនយោបាយរុស្ស៊ីផ្សេងទៀត បានថ្កោលទោសយ៉ាងឆាប់រហ័សចំពោះការចាប់ខ្លួននេះ ដោយចោទប្រកាន់ប្រទេសបារាំងថាប្រព្រឹត្តដូចជាផ្តាច់ការ។ លោក យូយ៉ានូវ (Ulyanov) បានព្រមានថា បុគ្គលដែលដើរតួនាទីសំខាន់ក្នុងលំហព័ត៌មានអន្តរជាតិមិនមានសុវត្ថិភាពក្នុងការទៅទស្សនាប្រទេសនានាដែលកំពុងឈានទៅរក “សង្គមផ្តាច់ការកាន់តែច្រើន” ទេ។

ជាការឆ្លើយតប អ្នកសរសេរប្លុករុស្ស៊ីមួយចំនួនបានអំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅស្ថានទូតបារាំងទូទាំងពិភពលោកនៅម៉ោង ១២ ថ្ងៃត្រង់នៅថ្ងៃអាទិត្យនេះ។

អត្ថបទពាក់ព័ន្ធ