បុរសម្នាក់ដើរឆ្លុះកណ្ដូបក្នុងវាលស្រែ ត្រូវពស់ស្រកាចាស់ចឹកស្លាប់


ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវពស់ស្រកាចាស់ចឹកស្លាប់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១និង៣០នាទីយប់ ខណៈកំពុងដើរចាប់កណ្តូបនៅតាមវាលស្រែខាងត្បូងភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកស្វាយចេកបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ដា រស់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលបានបញ្ជាក់ថា៖ តាមការបំភ្លឺរបស់ឈ្មោះ មួយ ម៉ង់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ជាមួយនឹងជនរងគ្រោះ បានរៀបរាប់ថា នៅថ្ងៃទី២៤ ខែឆ្នាំដដែល នៅពេលម៉ោង៣និង៣០នាទីរសៀល ខ្លួន និងជនរងគ្រោះបាននាំគ្នា ជិះម៉ូតូទៅចាប់កណ្ដូបនៅភូមិឃុំកើតហេតុខាងលើ ពេលទៅដល់វេលាម៉ោងប្រហែល៦និង៣០ ក៏បាននាំគ្នាដើរចុះចាប់កណ្ដូបក្នុងវាលស្រែ ចម្ងាយប្រហែល១០ម៉ែត្រពីគ្នា ពេលកំពុងតែដើរចាប់ស្រាប់តែឈ្មោះ ដា រស់ (ជាជនរងគ្រោះ) បានស្រែកប្រាប់ថា ពស់ចឹក។ បន្ទាប់មកខ្លួនក៏បានរត់ទៅជួយ ហើយឃើញពស់នៅក្បែរនោះ ក៏យកដំបងវាយពស់ងាប់។ ក្រោយមកខ្លួនបានស្រែកហៅអ្នកភូមិក្បែរនោះអោយជួយដឹកជនរងគ្រោះតាមគោយន្តកន្ត្រៃយកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកស្វាយចេក តែជាអកុសលពេលដល់មន្ទីរពេទ្យ គ្រូពេទ្យបានពិនិត្យហើយប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ សពជនរងគ្រោះត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកស្រុកស្វាយចេកដឹកយកទៅប្រគល់ជូនក្រុមគ្រួសារចាត់ចែងតាមប្រពៃណី៕

អត្ថបទពាក់ព័ន្ធ