(មានវីដេអូ)៖ ជនសង្ស័យម្នាក់ បាញ់តដៃគ្នាជាមួយសមត្ថកិច្ច បណ្តាលឱ្យសមត្ថកិច្ចម្នាក់ស្លាប់
ភ្នំពេញ៖ មន្ត្រីសមត្ថកិច្ចម្នាក់បានស្លាប់ ខណៈចុះបង្រ្កាបបទល្មើសគ្រឿងញៀន ក៏ត្រូវជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន បានប្រេីកាំបិតចាក់ និងបាញ់ប្រហារ តដៃគ្នាជាមួយកម្លាំងសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អេីលឡើងវេលាម៉ោង៤រសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចផ្លូវ៣០៤ កែង១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖ ជនសង្ស័យជាជនញៀនថ្នាំញៀនម្នាក់ បានប្រេីកាបិតដេញចាក់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បន្ទាប់ពីកម្លាំងមូលដ្ឋាន នៃអធិការដ្ឋានខណ្ឌបឹងកេងកង បានទទួលព័ត៌មានភ្លាម ក៏ចុះអន្តរាគមន៍ស្រាប់តែជនសង្ស័យបានដេញចាក់សមត្ថកិច្ចនិងដណ្តើមបានកាំភ្លើងពីសមត្ថកិច្ចក៏បានបាញ់ស្រោចទៅកងកម្លាំងសមត្ថកិច្ចម្នាក់រងរបួសធ្ងន់ធ្ងរ ។ ជាក់ស្ដែងក្នុងស្ថានភាពកាន់តែតានតឹងសមត្ថកិច្ចបានសម្រេចបាញ់តដៃដើម្បីការពារខ្លួន បណ្តាលឱ្យជនសង្ស័យស្លាប់នៅក្នុងថ្លុកឈាមតែម្តង ។
សពជនរងគ្រោះមានឈ្មោះ សៅ រក្សា ភេទប្រុស អាយុ២៩ឆ្នាំ ជាមន្ត្រីតួនាទីអនុសេនីយ៍ទោ នៅប៉ុស្តិ៍នគរបាលរដ្នបាលបឹងកេងកង២។
ចំណែកសពជនសង្ស័យមានឈ្មោះ ផល ភេទប្រុស អាយុ២០ជាង ជាមនុស្សញៀនថ្នាំ។
គួរបញ្ជាក់ថា ជនរងគ្រោះត្រូវបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកសពជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពិនិត្យជាក់ស្តែងនិងបន្តទៅតាមនីតិវិធីច្បាប់៕
ប្រភព៖ នគរវត្ត