ឃាតករស៊ីឈ្នួលជាជនជាតិចិន មកពីក្រៅប្រទេស ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន២នាក់ នៅខេត្តព្រះវិហារ


ព្រះវិហារ៖ ឃាតកស៊ីឈ្នួលមកពីក្រៅប្រទេស ជាជនជាតិចិន ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបានចំនួន ២នាក់ នៅច្រកស្រឡៅ ក្នុងខេត្តព្រះវិហារ ពាក់ព័ន្ធករណី បេីករថយន្តបំបុក ហេីយបាញ់រះទៅលេីរថយន្ដ Mercedes Sclass បាញ់សម្លាប់នគរបាលកម្ពុជាម្នាក់ របួសជនជាតិចិនម្នាក់ និងចាប់ជំរិតជនរងគ្រោះជនជាតិចិនម្នាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។

ការចុះប្រតិបត្តិការបង្រ្កាបនេះ មានការចូលរួមពី កងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ នាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តពាក់ព័ន្ធ ស្រាវជ្រាវ តាមចាប់ ជនល្មើសជាជនជាតិចិន និងឃាត់ខ្លួនបានចំនួន ២នាក់ នៅច្រកស្រឡៅ ក្នុងខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ។ ដោយឡែកជនល្មើសដែលនៅសេសសល់ បាននាំជនរងគ្រោះ រត់គេចខ្លួន ខណៈ សមត្ថកិច្ចកំពុងឡោមព័ទ្ធ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ ជនជាតិចិនដែលឃាត់ខ្លួនបានចំនួន ២នាក់ បានសារភាពថា ពួកខ្លួនទេីបចូលមកស្រុកខ្មែរ នៅខែកក្កដានេះទេ ដេីម្បីទទួលផែនការតាមចាប់ជនរងគ្រោះ និងសម្លាប់មនុស្សដែលនៅជុំវិញជនរងគ្រោះទាំងអស់ ។ តាមផែនការពេលធ្វើសកម្មភាពរួចហេីយ ត្រូវរត់គេចខ្លួនទៅក្រៅប្រទេសវិញ ដេីម្បីគេចខ្លួនពីការស៊ើបអង្កេត ។

សមត្ថកិច្ចបានបន្តទៀតថា៖ ករណីឃាតកស៊ីឈ្នួលមកពីក្រៅប្រទេស មានច្រើនករណីហើយ ដែលធ្វើអោយសមត្ថកិច្ចលំបាកក្នុងការស្រាវជ្រាវ ៕

អត្ថបទពាក់ព័ន្ធ