លោក ម៉ៃ សុគន្ធ តារាល្បីខាងទើសគេ ខាងទាយបាល់ បានបើកបរគេចពីគោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង
ភ្នំពេញ៖ លោក ម៉ៃ សុគន្ធ តារាល្បីខាងទើសគេ ខាងទាយបាល់ ពេលនេះសមត្ថកិច្ចចាប់វាយខ្នោះ ខណៈបើករថយន្តបំពានគោលដៅត្រួតពិនិត្យជាតិអាល់កុល ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០០:១០នាទី ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខធនាគារវ៉ូរី លើមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្ត០១គ្រឿង ម៉ាកឡង់គ្រីស័រ (LAND CRUISER) ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-6802 បើកបរដោយឈ្មោះ ម៉ៃ សុគន្ធ ភេទប្រុស អាយុ៤២ ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបើកបរគេចពីគោលដៅ អនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅផ្លូវសម្តេចជាស៊ីម ផ្សារបឹងបៃតង ដោយមិនព្រមចូលសហការជាមួយសមត្ថកិច្ច ដើម្បីធ្វើការត្រួតពិនិត្យ ខណៈនោះអ្នកបើកបររថយន្តឡង់គ្រីស័រ (LAND CRUISER) បើកគេចពីគោលដៅត្រួតពិនិត្យ ក្នុងគោលបំណងគេចវេស ទើបសមត្ថកិច្ចនៅគោលដៅដេញពីក្រោយរថយន្តល្មើស ក្នុងទិសដៅពីលិចទៅកើត រហូតដល់កន្លែងកើតហេតុខាងលើ អ្នកបើកបរល្មើសជ្រុលទៅបុក Pass App មួយគ្រឿង ដែលស្របទិសគ្នា និងជ្រុលទៅបុក Pass App មួយទៀត ដែលបើកបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យអ្នកបើកបរ Pass App រងរបួសស្រាល ចំនួន០២នាក់ ហើយរថយន្តក៏បានជ្រុលទៅបុកថ្មចែកទ្រូងផ្លូវអស់បីកំណាត់ទៀតទើបអស់ល្បឿន ។
ចំពោះមូលហេតុ នៃការគ្រោះថ្នាក់នេះ គឺអ្នកបើកបររថយន្តឡង់គ្រីស័រ (LAND CRUISER) បើកបរលឿនធ្វេសប្រហែសខ្វះការប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង មានអត្រាជាតិអាល់កុល ០,៦០mg/Lខ្យល់ ។
បច្ចុប្បន្នអ្នកបើកបរបង្ក និងរថយន្តល្មើស សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី៕