កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ចុះបង្ក្រាបទីតាំងលួចបើកជល់មាន់តាមប្រព័ន្ធអនឡាញ និងហៅម្ចាស់ទីតាំងធ្វើកិច្ចសន្យា
បន្ទាយមានជ័យ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុក បានចុះបង្ក្រាបទីតាំងលួចបើកជល់មាន់ តាមប្រព័ន្ធអនឡាញ ១កន្លែង នៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ក្រោយពីទទួលបានសេចក្តីរាយការពីប្រជាពលរដ្ឋ ។
ម្ចាស់ទីតាំងមានឈ្មោះ អេង សុភាព ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកថ្មពួក បានចុះបង្ក្រាបការលួចបើកបនល្បែងជល់មាន់តាមអនឡាញ ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសលុបបំបាត់រាល់ល្បែ.ងស៊ីសង តាមប្រព័ន្ធអនឡាញ ។ ខណៈពេលដែលសមត្ថកិច្ចចុះដល់ទីតាំងពុំមានអ្នកលេង ឬទូរទស្សន៍អនឡាញទេក្នុងនោះសមត្ថកិច្ចក៏បានហៅម្ចាស់ទីតាំងណែនាំ និងកិច្ចសន្យាបញ្ឈប់ការបើកទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ ។
លោកអធិការស្រុកថ្មពួកឱ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការនគរបាលស្រុកថ្មពួក និងធ្វើការចុះស្រាវជ្រាវ ជាពិសេសមិនឱ្យមានលួចបើកទីតាំងល្បែ.ងអនឡាញ គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រ ស្រុកថ្មពួកឡើយ ។ និងសំណូមពរឱ្យប្រជាពលរដ្ឋ សូមរាយការណ៍មកសមត្ថកិច្ច បើដឹងថា មានការលួចលាក់បើកទីតាំងល្បែ.ងអនឡាញគ្រប់ប្រភេទ ដើម្បីសមត្ថកិច្ចធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា ៕