ក្មេងទំនើងជាច្រើននាក់ ដើរបង្កអុកឡុកនៅក្នុងក្រុងសៀមរាប ពេលនេះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ


ខេត្តសៀមរាប៖ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ៥នាក់ ក្នុងហេតុការណ៍ដែលពួកគេ បានបង្កភាពអុកឡុកនៅក្នុងក្រុងសៀមរាប ដោយមានកាំបិតខ្វែវ និងមួកសុវត្ថិភាព ប្រើមធ្យាបាយម៉ូតូ និងផាសអាប់ (PassApp) បានធ្វើសកម្មភាពបើកប្រដេញ ស្ទាក់វាយតប់ និងកាប់គ្នាទៅវិញទៅមកយ៉ាងអាណាធិបតេយ្យ ក្រោយពីធ្វើសកម្មភាពរួចនាំគ្នាគេចខ្លួន ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០០ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុងមួយកន្លែង ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក្រោយពេលទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការនគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញា ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់៖


ទី១ មានឈ្មោះ ជឿន យូឈាន ហៅវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅតូបលក់ដូរមួយកន្លែង ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ។


ទី២ មានឈ្មោះ ឱម ម៉ារឺឌី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំបច្ចុប្បន្នស្នាក់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ។


ទី៣ មានឈ្មោះ ចិត្រ ច័ន្ទសីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ។


ទី៤ មានឈ្មោះ ស៊ីម ផលមុន្នីរាជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ។


និងទី៥ មានឈ្មោះ ជា ងនបញ្ញា ហៅយ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ។

នៅចំពោះមុខសមត្ថកិច្ចពួកគេបានឆ្លើយសារភាពដូចគ្នាថា៖ នៅយប់កើតហេតុវេលាម៉ោង ២១និង០០នាទី ឈ្មោះ ចិត្រ ច័ន្ទសីហា និងឈ្មោះ ស៊ីម ផលមុន្នីរាជ បានបើកម៉ូតូម៉ាក POPZ ពណ៌ស កាំសន្ទះពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ផ្លាកលេខសៀមរាប ១AS-៧១៧៧ ចេញពីចំណុចតូបលក់ដូរនៅចំណុចផ្លូវបេតុង ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្នុងគោលបំណងទៅទិញបាយ នៅចំណុចខាងកើតស្តង់ទន្លេសាប ក៏ត្រូវបានមនុស្សប្រុស មិនស្គាល់អត្តសញ្ញាណ ចំនួន០៤នាក់ បើកម៉ូតូចំនួន ០២គ្រឿង ម៉ាក Scoopy ចំនួន ០១គ្រឿង និងម៉ាក Honda Dream ចំនួន ០១គ្រឿង ប្រដាប់ដោយមួកសុវត្ថិភាព ធ្វើសកម្មភាពគប់មកលើពួកគេ ប៉ុន្តែគប់មិនត្រូវនោះទេ ។ លុះដល់ម៉ោងប្រហែល ០០និង២០នាទីយប់ ឈានចូលថ្ងៃទី០៧ ខែតុលា ពួកគេទាំង ០៤នាក់ បើកម៉ូតូចំនួន០២គ្រឿង ក្នុងគោលចំណងតាមទៅរកសងសឹកគូរទំនាស់ បើកម៉ូតូដល់កន្លែងកើតហេតុខាងលើស្រាប់តែក្រុមគូរទំនាស់ មានគ្នាប្រហែល២០នាក់ ជិះម៉ូតូប្រហែល០៨គ្រឿង និងផាសអាប់ ០១គ្រឿង ប្រដាប់ដោយខ្វែវ ចំនួន០២ដើម មួកសុវត្ថិភាព និងដុំថ្ម បានស្ទាក់ម៉ូតូប្រើហិង្សាមកលើពួកគេទាំង០៤នាក់ ប៉ុន្តែពុំបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។

បច្ចុប្បន្នជនល្មើសខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ដោយឡែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចយើងបានកំណត់អត្តសញ្ញាណបានហើយ កំពុងបន្តការចាប់ខ្លួន ។

អត្ថបទពាក់ព័ន្ធ