ម៉ូតូរម៉កដឹកអេតចាយបុកជាមួយម៉ូតូ បណ្តាលឲ្យបុរសជាទាហានម្នាក់បានស្លាប់ និងស្រ្តីម្នាក់រងរបួសធ្ងន់ នៅផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប


ខេត្តសៀមរាប៖ បុរសជាទាហានម្នាក់ បានស្លាប់បាត់បង់ជីវិត និងស្រ្តីម្នាក់រងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូរម៉កដឹកអេតចាយបុកជាមួយម៉ូតូ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៨និង៣០នាទីល្ងាច ត្រូវថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនរងគ្រោះមានឈ្មោះ ឌុន ហ៊ួរ ភេទប្រុស មុខរបរជាទាហានធ្វើការនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានអាសយដ្ឋានបច្ចុប្បន្នរស់នៅភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះរួមដំណើរជាមួយគ្នាមានឈ្មោះ កិក បៀន ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប រងរបួសធ្ងន់។ ចំណែកភាគីខាងម៉ូតូរម៉កដឹកអេតចាយមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានបើកគេចចេញពីកន្លែងកើតហេតុភ្លាមៗ ។

តាមសម្តីពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ ម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ បំពាក់ស្លាកលេខ ព្រះវិហារ 1E-9788 បានរួមដំណើរជាមួយគ្នាពីរនាក់ បើកបរមានទិសដៅពីកើតទៅលិច ចំណែកម៉ូតូរម៉កដឹកអេតចាយ មិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីលិចទៅកើត ក្នុងទិសដៅបញ្រ្ចាសទិសគ្នា លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសជាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតភ្លាមៗ និងស្រ្តីរងគ្រោះរងរបួសធ្ងន់ បានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកភាគីម៉ូតូរម៉កដឹកអេតចាយ ក្រោយកើតហេតុបានបើកគេចចេញពីកន្លែងកើតហេតុភ្លាមៗ ទៅទិសខាងលិច បាត់ស្រមោល ។

ក្រោយពីកើតហេតុកងកម្លាំងសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប លោកបានចុះមកដល់ទីតាំងកើតហេតុខាងលើ បានវាស់វែង កត់កំណត់ហេតុ និងនាំយកវត្ថុតាង ម៉ូតូ យកទៅរក្សាទុកនៅស្នាក់ការ រីឯម៉ូតូរម៉កដឹកអេតចាយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកដើម្បីឲ្យចូលខ្លួនមកដោះស្រាយ តាមនីតិវិធីច្បាប់។ ចំណែកសពជនគ្រោះត្រូវបានដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រង់ចាំសាច់ញាត់មកទទួល យកទៅធ្វើបុណ្យនៅឯផ្ទះភូមិស្រយង់ ខេត្តព្រះវិហារ។

អត្ថបទពាក់ព័ន្ធ