សមត្ថកិច្ចចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់នៅខេត្តសៀមរាប ពាក់ព័ន្ធករណីបណ្តឹងបរិហារបង្កាច់កេរ្តិ៍
ខេត្តសៀមរាប៖ អ្នកសារព័ត៌មានម្នាក់នៅខេត្តសៀមរាប ត្រូវបានកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការចាប់ខ្លួន កាលពីវេលាម៉ោង១៦ល្ងាច ត្រូវថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ: ១០៧៤ អយឈ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ចេញដោយលោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តសៀមរាប ។ ការចាប់ខ្លួនអ្នកសារព័ត៌មាននេះធ្វើឡើង នៅចំណុចផ្សារត្រាំនាគ ក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ការបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ស៊ីម ឈីវឈានពិសិដ្ឋ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ មគ្គុទ្ទេស៍ទេសចរ និងជាចាងហ្វាង គេហទំព័រ អប់រំដើម្បីសេរីភាពនិងបរិស្ថាន ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធករណីបណ្តឹងបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភះ និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឳ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។
ដីការបង្គាប់ឲ្យចាប់ខ្លួន បានឃើញ ពាក្យស្នើសុំអនុវត្តសាលដីកាព្រហ្មទណ្ឌសាលាឧទ្ធរណ៍បាត់ដំបង ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់ឈ្មោះ គង់ មង្គល និងពាក្យសុំអនុវត្តបន្ថែម ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ របស់ឈ្មោះ គង់ មង្គល បានស្នើសុំតំណាងអយ្យការក្នុងការអនុវត្តទោសលើឈ្មោះ ស៊ឹម ឈីវឈានពិសិដ្ឋ ត្រង់ចំណុចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ០៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ចំនួន ១,០០០,០០០ (មួយលាន) រៀល ។