ទទួលដំណឹងថាម្ដាយស្លាប់ នាំគ្នាជិះម៉ូតូទៅធ្វើបុណ្យម្ដាយ ជិះមិនទាន់ដល់ផង បានជួបគ្រោះថ្នាក់ ស្លាប់ទាំង២នាក់ប្តីប្រពន្ធ បន្សល់ទុកកូន ៣នាក់ នៅកំព្រា
ចុចមើលរូបភាពច្បាស់ៗ ចូលក្នុងគ្រុបតេឡេក្រាមព័ត៌មានខេត្តសៀមរាប មើលព័ត៌មានបន្ថែមទៀត t.me/siemreaptoday
ខេត្តសៀមរាប៖ ពិតជាសង្វេគណាស់! បានទទួលដំណឹងថាម្ដាយស្លាប់ដោយរោគាពាធ ក៏នាំគ្នាជិះម៉ូតូមកធ្វើបុណ្យម្ដាយ តែមិនទាន់ដល់ផងស្រាប់តែជួបគ្រោះថ្នាក់នៅតាមផ្លូវ ស្លាប់ទាំង២នាក់ប្តីប្រពន្ធ បន្សល់ទុកកូនចំនួន ៣នាក់ ឲ្យនៅកំព្រា។ ពីរនាក់ប្តីប្រពន្ធបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចទល់មុខសាលាបឋមសិក្សាព្រៃជ្រូក ស្ថិតក្នុងភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
ជនរងគ្រោះជាប្តីមានឈ្មោះ ប្រម ណាន់ ភេទប្រុស អាយុ ៤២ ត្រូវជាកូនបង្កើត និងជនរងគ្រោះជាប្រពន្ធ មានឈ្មោះ មុត ថុនា ភេទស្រី អាយុ ៣៩ ឆ្នាំ ត្រូវជាកូនប្រសារ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយពួកគេទាំងពីរមានទីលំនៅ នៅក្រុម៥ ភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពដែលអង្គភាពសារព័ត៌មានធីញូស៍ដេលីទទួលបាន៖ មុនកើតហេតុ ជនរងគ្រោះ បានទទួលដំណឹងថាម្ដាយស្លាប់ ក៏នាំគ្នាជិះម៉ូតូចេញពីផ្ទះនៅក្រុងសៀមរាបឆ្ពោះទៅបុណ្យម្ដាយ នៅឯស្រុកកំណើត ស្ថិតនៅភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ លុះមកដល់ទឹកដីក្នុងស្រុកពួក បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកែច្នៃ ជាមួយម៉ូតូ បានបណ្តាលឲ្យពីរនាក់ប្តីប្រពន្ធបានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចទល់មុខសាលាបឋមសិក្សាព្រៃជ្រូក ក្នុងស្រុកពួក ខេត្តសៀមរាប។
ក្រោយពីកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកត់កំណត់ហេតុ និងនាំយកវត្ថុតាងទាំងពីរយកទៅរក្សាទុក នៅស្នាក់ការ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។ ចំណែកសពជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី បច្ចុប្បន្នពិធីបុណ្យបានធ្វើរួមគ្នាជាមួយម្តាយ នៅវត្ដធម្មរង្សីសំពៅលូន ស្ថិតក្នុងភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។