ភ្ញាក់ផ្អើលទាំងព្រឹក! ប្រទះឃើញសពវេជ្ជបណ្ឌិម្នាក់ ជាប់នឹងកញ្ចុះនៅបារាយណ៍ទឹកថ្លា ខេត្តសៀមរាប
ខេត្តសៀមរាប៖ ពលរដ្ឋប្រទះឃើញសពបុរសម្នាក់បានអណ្ដែតទឹកជាប់នឹងកញ្ចុះនៅបារាយណ៍ទឹកថ្លា ដែលស្ថិតក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៩និង៣០នាទីព្រឹក ត្រូវថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
សពជនរងគ្រោះមានឈ្មោះ អឹុង សុភាព អាយុ ៥២ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិត រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា៖ កាលពីទាបភ្លឺថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ គេបានឃើញបុរសជាជនរងគ្រោះខាងលើ បានជិះម៉ូតូកង់៣ Pass App មកឈប់ចុះ នៅចំណុចទំនប់បារាយណ៍ទឹកថ្លា ។
បើតាមក្រុមគ្រួសារសពបានឲ្យដឹងថា៖ ជនរងគ្រោះបានបាត់ខ្លួន នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ។ ក្រុមគ្រួសារសពបានបន្ថែមទៀតថា ជនរងគ្រោះតែងតែដើរហាត់ប្រាណរាល់ដង នៅម្តុំស្ពាននាគ ក្រុងសៀមរាប លុះមកដល់ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ទើបទទួលបានដំណឹងថា សពជនរងគ្រោះអណ្ដែតទឹកជាប់នឹងកញ្ចុះនៅបារាយណ៍ទឹកថ្លា ។
តាមការរៀបរាប់របស់ស្រ្តីម្នាក់ជាអ្នកលក់ដូរនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា គាត់បានចុះទៅក្រោមដើម្បីសំអាតកញ្ចុះសម្រាប់ឱ្យភ្ញៀវអង្គុយ ក៏ស្រាប់តែមានធំក្លិនស្អុយចេញពីក្រោមកញ្ចុះ ភ្លាមនោះគាត់ក៏បានមើលឃើញ មានសាកសពមនុស្សប្រុសម្នាក់ ពាក់អាវយឺតពណ៌ខៀវ អណ្ដែតទឹក ជាប់នៅខាងក្រោមកញ្ចុះ ឃើញដូច្នេះគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ច ។
តាមការបញ្ជាក់របស់គ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេសកោសល្យវិច្ច័យ បានបញ្ជាក់ថា សពខាងលើ គឺពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ពុំមានស្លាកស្នាម លើរូបរាងអង្គកាយ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ។
ក្រោយពេលគ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេសបានធ្វើកោសល្យវិច្ច័យសាកសពរួច បានប្រគល់សពជូនទៅក្រុមគ្រួសារនៃសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចុចមើលរូបភាពច្បាស់ៗ ចូលក្នុងគ្រុបតេឡេក្រាមព័ត៌មានខេត្តសៀមរាប មើលព័ត៌មានបន្ថែមទៀត t.me/siemreaptoday