យុវជនម្នាក់ជាន់ឡានលឿនមិនគោរពភ្លើងស្តុប ទៅបុកម៉ូតូ៣គ្រឿង បណ្តាលឲ្យស្លាប់២នាក់ និងរងរបួស២នាក់ ទាំងយប់នៅកណ្តាលក្រុងសៀមរាប


ចុចមើលរូបភាពច្បាស់ៗ ចូលក្នុងគ្រុបតេឡេក្រាមព័ត៌មានខេត្តសៀមរាប មើលព័ត៌មានបន្ថែមទៀត t.me/siemreaptoday 
ខេត្តសៀមរាប៖  ពិតជារន្ធត់ណាស់! ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅកណ្តាលក្រុងសៀមរាបទាំងយប់ ក្នុងហេតុការណ៍ករណីរថយន្តបុករះមកលើម៉ូតូចំនួន ០៣គ្រឿង បានបណ្តាលឲ្យយុវជនចំនួន ០២នាក់ ស្លាប់បាត់បង់ជីវិត យុវជនម្នាក់រងរបួសធ្ងន់ និងយុវតីម្នាក់រងរបួសស្រាល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣និង៥០នាទីយប់ ត្រូវថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ រុក្ខវិថីព្រះសីហនុ ត្រង់ចំណុចស្តុបព្រះរាជដំណាក់ (ម្តុំបឹងកាឡូ) ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនបង្កជាអ្នកបើកបររថយន្ត មានឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ចំណែកជនរងគ្រោះទាំង០៤នាក់រួមមាន៖

ទី១ មានឈ្មោះ ហុង ហេង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅ ភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ។

ទី២ មានឈ្មោះ មាន ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅ ភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប បានស្លាប់បាត់បង់ជីវិត នៅមន្ទីពេទ្យ។

ទី៣ មានឈ្មោះ ច្រុច ស៊ីណុច ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប បានរងរបួសធ្ងន់ ។

និងទី៤ មានឈ្មោះ ក្រា ស្រីណូ ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅ ភូមិប្រាសាទចា ឃុំដូនកែវ ស្រុកពួក បានរងរបួសស្រាល ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖  មានរថយន្តមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-3400 បើកបរដោយ ឈ្មោះ មឿន បញ្ញា បើកបរមានទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចស្តុបព្រះរាជដំណាក់ មិនឈប់គោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ក៏ទៅបុក ម៉ូតូមួយគ្រឿងម៉ាក Honda Zoomer X ពណ៌សក្រហម ពាក់ស្លាកលេខ សៀមរាប 1AB-1484 បើកបរដោយឈ្មោះ ក្រា ស្រីណូ ដែលបើកបរមានទិសដៅពីកើតទៅលិច បណ្តាលឲ្យដួលរងរបួសស្រាល ហើយរថយន្តបានរ៉េចង្កូតទៅបុក ម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ស្លែ ពាក់ស្លាកលេខ សៀមរាប 1AQ-2508 បើកបរដោយឈ្មោះ ហុង ហេង និងម្នាក់ទៀតរួមដំណើរជាមួយគ្នា មានឈ្មោះ មាន ផានិត ដែលបានបើកបរមានទិសដៅពីលិចទៅកើត បុកចំពេញទំហឹង បានបណ្តាលឲ្យស្លាប់ទាំងពីរនាក់ ហើយបានបន្តទៅបុក ម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Q-7366 បើកបរដោយឈ្មោះ ច្រុច ស៊ីណុច បណ្តាលឲ្យដួលរងរបួសធ្ងន់ ។

ចំពោះមូលហេតុមកពីអ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ ធ្វើការឃាត់ខ្លួនជនបង្កបានភ្លាមៗ ហើយបានវាស់វែង កត់កំណត់ហេតុ និងនាំយកវត្ថុតាង ម៉ូតូ ០៣គ្រឿង រថយន្ត ០១គ្រឿង យកទៅរក្សាទុកនៅស្នាក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាបអនុវត្តតាមផ្លូវច្បាប់។

អត្ថបទពាក់ព័ន្ធ