អធិការនគរបាលក្រុងរុនតាឯកតេជោសែន ចេញលិខិតបំភ្លឺ ករណីបណ្តាញសង្គមរិះគន់ មកលើកម្លាំងសមត្ថកិច្ច បានចុះទៅអនុវត្តច្បាប់ និង ដកហូតសាច់គោចំនួន ១៥គីឡូ  

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃើញមានបណ្តាញសង្គមមួយចំនួនបានសរសេររិះគន់មកលើកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ដែលបានចុះទៅអនុវត្តចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ អធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន សូមធ្វើការបំភ្លឺថា៖ ការអនុវត្តនេះ ដោយមានបណ្តឹងពីប្រជាពលរដ្ឋ និងការស្នើសុំសហការពីខាងមន្រ្តីជំនាញពេទ្យសត្វ របស់មន្ទីរកសិកម្មខេត្ត និងម្ចាស់ទីតាំងសត្វឃាតក្រុងរុនតាឯកសែនជ័យ ឈ្មោះ វាសនា ក្នុងគោលបំណងទប់ស្កាត់នូវការនាំសាច់គោដែលមិនមានប្រភពច្បាស់លាស់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ឬគុណភាពសាច់គោ។
បន្ទាប់ពីបានពិនិត្យយ៉ាងត្រឹមត្រូវតាមជំនាញ និងច្បាប់ កម្លាំងអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន សហការជាមួយមន្រ្តីពេទ្យសត្វ បានដកហូតយកសាច់គោចំនួន១៥គីឡូ ពីតូបលក់សាច់គោឈ្មោះ យូ ស៊ីនឌីន ភេទប្រុស ដែលនាំយកពីស្រុកស្រីស្នំ មកលក់នៅក្នុងទីតាំងក្រុងរុនតាឯកតេជោសែន។
ក្រោយពីកម្លាំងអនុវត្តច្បាប់ បានណែនាំដល់ម្ចាស់តូបលក់សាច់គោខាងលើ ម្ចាស់តូបបានយល់ព្រមទទួលស្គាល់កំហុសខុសឆ្គងរបស់ខ្លួន ដោយកម្លាំងសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ និងធ្វើកិច្ចសន្យាប្រគល់ សាច់គោចំនួន១៥គីឡូ ជូនម្ចាស់វិញ ។
អាស្រ័យហេតុនេះ សូមអ្នកនិយមតាមដានតាមបណ្តាញទំនាក់ទំនងសង្គម និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
អត្ថបទពាក់ព័ន្ធ