ដឹងមូលហេតុហើយ! ករណីឃាតកម្មលើនារីម្នាក់នៅក្រុងសៀមរាប គឺពាក់ព័ន្ធនឹងរឿងស្នេហា
ខេត្តសៀមរាប៖ ករណីឃាតកម្មចាក់សម្លាប់នារីម្នាក់ ចំនួន ២៣កាំបិត បន្ទាប់មកជនសង្ស័យរត់ទៅលោតទឹកសម្លាប់ខ្លួនតាមក្រោយ ស្លាប់ទាំងពីរនាក់ ។
ហេតុការណ៍ចាក់សម្លាប់នារីរងគ្រោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨ព្រឹក ត្រូវថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចតូបកាហ្វេក្នុងផ្ទះជនរងគ្រោះ តាមបណ្តោយផ្លូវព្រលានយន្តហោះសៀមរាបចាស់ ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនរងគ្រោះមានឈ្មោះ វណ្ណ សុភត្តា អាយុ ២៣ឆ្នាំ មុខរបរលក់កាហ្វេនៅផ្ទះ និងជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យបៀរប្រាយ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប ។
តាមប្រភពពីពលរដ្ឋ៖ ក្រោយពេលចាក់សម្លាប់នារីរងគ្រោះ ជនសង្ស័យបានឡើងជិះម៉ូតូរត់គេចចេញពីកន្លែងកើតហេតុ។ ចំណែកនារីរងគ្រោះ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត តែជាអកុសល របួសធ្ងន់ធ្ងន់ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ។
ក្រោយពេលកើតហេតុភ្លាម កម្លាំងសមត្ថកិច្ចជំនាញខេត្តសៀមរាប បានចុះមកដល់ទីតាំងកើតហេតុ បើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ និងបានកំណត់មុខសញ្ញា បានរកឃើញនៅចំណុចទំនប់បង្ហៀរទឹកអូររកា ។ ជនសង្ស័យបានលោតទឹកសម្លាប់ខ្លួននៅចំណុច ទំនប់បង្ហៀរទឹកអូររកា ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដោយជនសង្ស័យបន្សល់ទុក ម៉ូតូចំនួន ០១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1Z-7786, ស្បែកជើងចំនួន ០១គូរ និងទូរស័ព្ទដៃចំនួន ០១គ្រឿង ទុកលើស្បែកជើង ។
ជនសង្ស័យមានឈ្មោះ ផាន ជីនី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរអ្នកឌីហ្សាញ រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។
តាមប្រភពពីសមត្ថកិច្ច៖ នៅម៉ោង១៥រសៀល ត្រូវថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញសពជនសង្ស័យ បានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹក នៅចំណុចទំនប់បង្ហៀរទឹកអូររកា ។
ចំពោះមូលហេតុ ដោយគេសន្និដ្ឋានថា ជនសង្ស័យជាសង្សារនិងនារីរងគ្រោះ សង្ស័យថាមានជម្លោះក្នុងរឿងស្នេហា ។
សពនារីរងគ្រោះ ត្រូវបានសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅផ្ទះទីតាំងកើតហេតុ ចំណែកសពជនសង្ស័យត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះក្នុងឃុំលាងដៃ ស្រុកអង្គរធំ ។