លោកយាយម្នាក់រងរបួសស្រាល ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះនៅភូមិនគរក្រៅ ខេត្តសៀមរាប


ខេត្តសៀមរាប៖ ករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យលោកយាយម្នាក់រងរបួសស្រាល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩និង២០នាទីព្រឹក  ត្រូវថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ម្ចាស់ផ្ទះឈ្មោះ រៀល វី ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ រងរបួសស្រាលត្រង់ជើង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច៖ ករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាត ផ្ទះចំនួន ០២ខ្នងជាប់គ្នា ជាប្រភេទដំបូលប្រក់ស័ង្កសី ជញ្ជាំងកឥដ្ឋ ដែលមានទំហំ ៨ម៉ែត្រ គុណ ១០ម៉ែត្រ ដោយមូលហេតុបណ្តាលមកពី ម្ចាស់ផ្ទះប្រើប្រាស់ចង្រ្កានហ្គាសដាំបាយ បង្កឱ្យផ្ទុះចង្រ្កានហ្គាស ហើយមានដបសាំងនៅក្បែរនោះ បណ្តាលឱ្យមានអគ្គិភ័យឆាបឆេះតែម្តង ។

ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំង ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់ រថយន្តពន្លត់អគិ្គភ័យសរុបចំនួន ០៤គ្រឿង រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ០២គ្រឿង រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យអង្គភាពការពារបេតិកភណ្ឌចំនួន ០១គ្រឿង ប្រើប្រាស់ទឹកសរុបអស់ចំនួន ០៣រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ៕

អត្ថបទពាក់ព័ន្ធ